រាជធានីភ្នំពេញ៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរសុខៗ ស្រាប់តែមានរថយន្តធុនធំមកបុកយ៉ាងពេញទំហឹង ហើយកិនថែម បណ្តាលឲ្យស្លាប់ចោលប្រពន្ធពោះធំ៧ខែ យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ចោលប្រពន្ធពោះធំនេះ មានឈ្មោះ អឿន ចិន្តា ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅនិងស្រុកកំណើត ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IG- 0193 ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-2156 បុកបណ្តាលឲ្យដួលហើយកិនថែម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក ចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកយានយន្តពាក់ព័ន្ធទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះនៅពេលក្រោយ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកអាល័យជាទីបំផុត៕