រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រ​ផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ​ដំបូងដែលបានចុះបញ្ជីជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងផ្សារមូលបត្រកម្ពុជា បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ ដឹកនាំដោយ លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ជាមួយគ្នានេះផងដែរ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ មានការចូលរួមពី​ភាគហ៊ុនិកសាធារណៈ និង​មានរបៀបវារៈចំនួន៩ ត្រូវបានអនុម័ត ដែលក្នុងនោះ​របៀបវារៈទីមួយ ទទួលចំណាប់អារម្មណ៍ គឺការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យ​ដែលធនាគារបានកសាងជាង២៩ឆ្នាំ​​កន្លងមក។ ស្លាកសញ្ញាថ្មី ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិច ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកប​ដោយ​ចីរភាព។ គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាម​ ទស្សនៈ បេសកម្ម យុទ្ធសាស្រ្ត និង​ការ​អភិវឌ្ឍន៍ ​​បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិច តំណាងឲ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។ រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ​​​ និងធនធានដែលបានរីកដុះដាល និងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ​ ប្រកបដោយចីរភាព ។

ស្លាកសញ្ញាថ្មី

បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា ស្លាកសញ្ញាថ្មី គ្រោងនឹងរៀបចំដាក់ឲ្យប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២១។ លោកបណ្ឌិត​សូមថ្លែងអំណរគុណជូនចំពោះ​គ្រប់ភាគីពាក់ព័ន្ធ អតិថិជន ភាគហ៊ុនិក ជាពិសេស​អាជ្ញាធរ ពាក់ព័ន្ធ ដែលតែងតែគាំទ្រ និងបន្តការគាំទ្រ ធនាគារ អេស៊ីលីដា​ ភីអិលស៊ី។