រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុក លោកហេង ឡុង ប្តីរបស់អ្នកនាងចន ច័ន្ទលក្ខណា ដែលបានសរសេរសារបង្ហោះកាលពី១ម៉ោងមុន មានខ្លឹមសារថា « លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស បងប្រុសអភិបាលខេត្តពោធិ៍សាត់ រំលោភយកដីទាំងអយុត្តិធម៍!

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះផូ សំណាង (ជាម្តាយលោកព្រាប សុវត្ថិ) តំណាងឲ្យលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ម្ចាស់ មានទំហំសរុប ជាង១៩ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូនលោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយ គឺដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។ ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងជាបងប្រុសបង្កើតរបស់ លោកម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាកូនចៅរបស់ខ្លួន ឲ្យទៅវាយកម្ទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។

ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ។ ករណីនេះ យើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់ »។ជុំវិញនឹងករណីនេះ «KBN» រង់ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕