ស្រាវជ្រាវដោយ ឈឹម សេរីភួន៖​ ដោយសារមិនអាចសហការជាមួយ ដាប ឈួន បានតទៅទៀត សមាជិកគណៈកម្មាធិការរំដោះជាតិខ្មែរម្នាក់ ឈ្មោះលាវ កែវមុនី ក៏បង្ខំចិត្តនាំកងទ័ពរបស់ខ្លួនចំនួន១០០នាក់ ដកខ្លួនចេញពីដាប ឈួន។

នៅក្នុងខែមេសា ឆ្នាំ១៩៤៩ នោះដែរ កៅ តក់ ជាអនុប្រធានគណៈកម្មធិការរំដោះជាតិខ្មែរ (KNLC) ក៏បាននាំកងទ័ពខ្លួន៤០០នាក់ ចេញពីដាប ឈួន បន្តទៀត។ ប៉ុន្តែនៅក្នុងខែកក្កដា ឆ្នាំ១៩៤៩ ដាប ឈួន បានប្រើល្បិចបោកប្រាស់ឲ្យសមាជិកគណៈកម្មាធិការរំដោះជាតិខ្មែរ២នាក់ គឺ ហែម សាវ៉ាង និងម៉ៅ សារួត ដែលធ្លាប់រួមសហការជាមួយខ្លួន បើកការវាយប្រហារទៅលើក្រុងសៀមរាប កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៤៦នោះ ឲ្យមកចូលរួមកិច្ចប្រជុំពិសេសមួយ រួចហើយចាប់អ្នកទាំងពីរនោះយកទៅសម្លាប់ចោលយ៉ាងសាហាវបំផុត ។ ជាមួយគ្នានោះ សមាជិកគណៈកម្មាធិការ(KNLC) ៣នាក់ទៀត ក៏ត្រូវដាប ឈួន បណ្ដេញចេញពីគណៈកម្មាធិការនេះ ដោយចោទប្រកាន់ថា អ្នកទាំង២បានធ្វើទុក្ខបុកម្នេញប្រជារាស្រ្តដែលស្ថិតក្រោមតំបន់កាន់កាប់របស់ពួកគេ មានលក្ខណៈធ្ងន់ធ្ងរពេក។ ប៉ុន្តែនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដូចការគ្រោងទុក ដាប ឈួន ក៏បានចុះចូលជាមួយព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ នឹងពួកបារាំង ដោយនាំកងទ័ពប្រដាប់អាវុធគ្រប់ដៃចំនួន៣០០នាក់ ក្នុងនោះមានស្រីៗជាបរិវាមួយចំនួនផងដែរ។

ជាថ្នូរនិងការវិលត្រឡប់មកចូលរួមសង្គមជាតិវិញ និងស្របតាមការសន្យាក្នុងសេចក្ដីអំពាវនាវរបស់ព្រះអង្គផងដែរ ព្រះមហាក្សត្រនរោត្តម សីហនុ ក៏បានប្រទានឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ដល់ដាប ឈួន និងឲ្យធ្វើជាមេបញ្ជាការទាហានខ្មែរ-បារាំង នៅតំបន់ស្វយ័តសៀមរាប និងកំពង់ធំ ទាំងមូល ។ ក្រោយដាប ឈួនចុះចូលជាមួយបារាំង ប៉ុក គុណ ហៅតាត្រឡាច បានឡើងមកដឹកនាំគណៈកម្មាធិការរំដោះជាតិខ្មែរ ជំនួសវិញ ៕
(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)