ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងជារបស់ជនជាតិវៀមណាម ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយដកហូតបានសត្វព្រៃមួយចំនួន។

សមត្ថកិច្ច បានឱ្យដឹងថា ប្តីប្រពន្ធជនជាតិវៀតណាមដែលជួញដូរសត្វព្រៃនេះ បុរជាប្តីឈ្មោះ ដូ វ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ យឿង យិងិន ។ ដកហូតបាន សត្វសំពោធចំនួន៣ក្បាល, សត្វកន្ទាយចំនួន ១ក្បាល និងទូរស័ព្ទដៃ២គ្រឿង។ មុនឈានដល់ការចុះបង្ក្រាបនេះ គឺកម្លាំងសម្ងាត់បានតាមដានសកម្មភាពនេះ ជាយូរមកហើយទើបសុំយោបល់ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង។

ប្រភពពីសមត្ថកិច្ចផ្សេងទៀត បានបង្ហើបឱ្យដឹងថា ប្តីប្រពន្ធជនជាតិវៀតណាម២នាក់នេះ បានប្រកបមុខរបរជួញដូរសត្វព្រៃខុសច្បាប់ដឹកទៅប្រទេសវៀតណាមជាយូរណាស់មកហើយ ដោយមានសមត្ថកិច្ចខិលខូចមួយចំនួន ជួយកាងពីក្រោយឱ្យ ដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន
បច្ចុប្បន្ន ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រីនគរបាលស្រុកអូរយ៉ាដាវ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕