ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅដើមឆ្នាំ១៩៤៩ ពុត ឆាយ បានដឹកនាំកងទ័ពធ្វើសកម្មភាពនៅខេត្តកណ្ដាល និងតាកែវ ពេលនោះគាត់បានដឹកនាំកម្លាំងធ្វើការវាយប្រហារទៅលើសាលាស្រុកបាទី មួយប្រាវ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
នៅក្នុងខែមីនា ឆ្នាំ១៩៤៩ អនុសេនីយ៍ សាវ៉ាង វង្ស ជាមេបញ្ជាការទាហានរាជការខ្មែរ-បារាំង នៅស្រុកលើកដែក ខេត្តកណ្ដាល បាននាំកូនទាហានរបស់គាត់រត់ចោលជួរ ទៅចូលរួមជាមួយ ងិន ហោ និងពួកវៀតមិញ ។ តែក្រោយមក ពួកវៀតមិញ ធ្វើការវាយប្រហារមួយមកលើទីតាំងរបស់គាត់ ។ ការវាយប្រហារនេះត្រូវបានអាជ្ញាធរបារាំង ចាត់ទុកថា គ្រាន់តែជាឆាកល្ខោនមួយ ដែលរៀបចំដោយសាវ៉ាង វង្ស និងពួកវៀតមិញតែប៉ុណ្ណោះ ។ ក្រោយមក អាជ្ញាធរបារាំង បានប្រកាសជាសាធារណៈថា បើជនណាកាត់ក្បាល សាវ៉ាង វង្ស យកមកប្រគល់ឲ្យអាជ្ញាធរបារាំង បាននោះ អាជ្ញាធរបារាំង នឹងប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន២ម៉ឺនរៀល ហើយបើជនណាកាត់ក្បាល ងិន ហោ យកមកប្រគល់ឲ្យអាជ្ញាធរបារាំង អាជ្ញាធរបារាំង នឹងផ្ដល់រង្វាន់ជាកង់ថ្មីមួយគ្រឿង និងប្រាក់ចំនួន១ម៉ឺនរៀល ផងដែរ ។

មិនយូរប៉ុន្មាន សាវ៉ាង វង្ស ក៏បានដកខ្លួនចេញពីងិន ហោ និងវៀតមិញ ទៅរួបរួមជាមួយពុត ឆាយ វិញ ព្រោះឃើញពុត ឆាយ ប្រឆាំងនឹងពួកវៀតមិញ ដែលដើរទារពន្ធដោយបង្ខំពីប្រជារាស្រ្តខ្មែរ ។ ប៉ុន្តែគាត់នៅតែសហការជាមួយពួកវៀតមិញ ក្នុងការប្រឆាំងនឹងពួកបារាំង ដដែល។
បន្ទាប់មក ហ៊ូ ធិញ ក៏បាននាំកងទ័ពគាត់ទៅចូលរួមជាមួយពុត ឆាយ ដែរ។ ពេលនោះ ពុត ឆាយ បានប្រកាសខ្លួនឯងថា គាត់ជាមេបញ្ជាការកងទ័ពកម្ពុជា តែម្ដង។
នៅក្នុងខែឧសភា ឆ្នាំ១៩៤៩ ពុត ឆាយ បានសម្លាប់ភ្នាក់ងាររបស់ពួកវៀតមិញ មួយចំនួន នៅតំបន់ដែលខ្លួនកាន់កាប់ ។ ពេលនោះ ចាន់ តារា ព្យាយាមធ្វើអន្តរាគមន៍មិនឱ្យសម្លាប់ដែរ តែមិនបានសម្រេច ។ លើសពីនេះទៅទៀត ពុត ឆាយ បានសម្លាប់ជនជាតិវៀតណាម ចំនួន៦០នាក់នៅក្នុងខេត្តកណ្ដាល ។ ដោយសារមានការខឹងសម្បារពីរឿងសម្លាប់ជនជាតិវៀតណាមនេះ ពួកវៀតមិញក៏បានធ្វើការពួនស្ទាក់ បាញ់សម្លាប់ពុត ឆាយ វិញដែរ តែគាត់រត់រួច។
នៅដើមខែមិថុនា ឆ្នាំ១៩៤៩ ដោយមានការគាំទ្រពីសំណាក់ងិន ហោ និងកែវ មុនី ផងនោះ កងទ័ពវៀតមិញ បានចូលធ្វើសកម្មភាពនៅក្នុងស្រុកល្វាឯម ស្រុកលើកដែក ស្រុកកណ្ដាលស្ទឹង និងស្រុកកៀនស្វាយ តែមិនមែនដើម្បីធ្វើការវាយប្រហារទៅលើរាជការខ្មែរ-បារាំងនោះទេ គឺក្នុងបំណងមកកម្ទេចកងទ័ពរបស់ពុត ឆាយ ។ ឆ្លើយតបនឹងបំណងរបស់ពួកវៀតមិញនេះ ពុត ឆាយ ក៏បានបញ្ជាឱ្យកងទ័ពគាត់ដុតភូមិជនជាតិវៀតណាម មួយចំនួននៅស្រុកល្វាឯម និងចាប់ជនជាតិវៀតណាម មួយចំនួនទៀតនៅស្រុកស្អាង យកទៅសម្លាប់ចោល និងទុកជាចំណាប់ខ្មាំងមួយចំនួនផងដែរ។ ពេលនោះ ពួកវៀតមិញ បានឲ្យទូ សាមុត ដឹកនាំកងទ័ពប្រមាណ៣០០នាក់ពីខេត្តព្រៃវែង ចូលមកខេត្តកណ្ដាលបន្ថែមទៀត ដើម្បីសហការគ្នាបង្រ្កាបកងទ័ពពុត ឆាយ។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ កងទ័ពរបស់ទូ សាមុត , ងិន ហោ , កែវ មុនី , វង្សកាន់ និងខៀវ តែន ក៏បានចូលរួមជាមួយកងទ័ពវៀតមិញ ដែលដឹកនាំដោយឌិញ វ៉ាន់ឡាន(Dinh Van Lan) ដើម្បីសហការគ្នាកម្ទេចកងទ័ពពុត ឆាយ បន្តទៀត។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៤៩ កងទ័ពវៀតមិញចំនួន២០០នាក់ ដឹកនាំដោយខ្មែរកម្ពុជាក្រោមម្នាក់ឈ្មោះសាយ ក៏ចូលមកសហការជាមួយកងទ័ពទូ សាមុត , ងិន ហោ និងកែវ មុនី ដែរ។
នៅក្នុងខែតុលា ឆ្នាំ១៩៤៩ កងទ័ពវៀតមិញ ៣កងពល មានគ្នាប្រមាណ៣០០០នាក់ មានវត្តមាននៅលើទឹកដីកម្ពុជា។ដោយស្អប់ខ្ពើមអំពើឃោរឃៅព្រៃផ្សៃរបស់ពុត ឆាយ នៅខែកញ្ញា ឆ្នាំ១៩៤៩ សាវ៉ាង វង្ស និង ហ៊ូ ធិញ ដែលបានបំបែកខ្លួនចេញពីងិន ហោ ទៅចូលរួមជាមួយពុត ឆាយ កាលពីខែមេសានោះ ក៏បានផ្ដាច់ខ្លួនចេញពីពុត ឆាយ បន្តទៀត រួចទៅបង្កើតជាចលនាឥស្សរៈឯករាជ្យមួយ។ក្រោយមក ដោយសារការបាញ់កាំភ្លើងផ្លោងរបស់កងទ័ពវៀតមិញ ពុត ឆាយ ត្រូវរងរបួសត្រង់ពោះ ហើយគាត់បានបំផុសដំណឹងប្រឌិតមួយថា គាត់បានស្លាប់នៅពេលនោះហើយ ដើម្បីបង្វែងដាន កុំឱ្យពួកវៀតមិញ និងពួកខ្មែរឥស្សរៈជាសម្ព័ន្ធមិត្ត តាមរកគាត់បន្តទៀត។ចាប់ពីពេលនោះមក កងទ័ពពុត ឆាយ មិនសូវមានសកម្មភាពអ្វីខ្លាំងក្លាទៀតទេ។ ចំណែកព្រះអង្គម្ចាស់នរោត្តម ចន្ទរង្សី ដែលបានបំបែកខ្លួនចេញពីចលនាឥស្សរៈចម្រុះនៅខេត្តបាត់ដំបង បាននាំកងទ័ពប្រមាណ៣៥០នាក់ មកបោះទីតាំងនៅក្នុងព្រៃក្នុងទឹកដីខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ។
ដោយឡែក នៅខេត្តក្រចេះ នៅចុងឆ្នាំ១៩៤៩ ក៏មានមេខ្មែរឥស្សរៈ ជាអតីតព្រះសង្ឃម្នាក់ឈ្មោះគ្រូ អ៊ុម ដឹកនាំកងទ័ព១០០នាក់ ដែលក្នុងនោះ មានអតីតក្រុមចោរប្លន់មួយចំនួនដែលដឹកនាំដោយប៉ក់ ស៊ុនហេង ផងដែរ។ ប៉ុន្តែកងទ័ពឥស្សរៈរបស់គ្រូ អ៊ុម នេះ ត្រូវបានអាជ្ញាធររាជការខ្មែរ-បារាំង ដឹងថាគ្មានធ្វើសកម្មភាពអ្វីគួរអោយព្រួយបារម្ភ ក្រៅតែពីលួចប្លន់ទ្រព្យសម្បត្តិអ្នកស្រុក និងបង្ខំទារពន្ធពីបងប្អូនជនជាតិចាម នៅស្រុកក្រូចឆ្មារ នោះឡើយ ហើយពេលខ្លះដោយមិនអាចស៊ូទ្រាំនឹងការទារពន្ធនោះបាន បងប្អូនជនជាតិចាម ក៏បានធ្វើការប្រឆាំងតបតកងទ័ពឥស្សរៈរបស់គ្រូ អ៊ុម នេះវិញខ្លះៗដែរ។

នៅក្នុងចុងឆ្នាំ១៩៤៩ នោះដែរ នៅក្នុងខេត្តតាកែវ ក៏មានមេឥស្សរៈម្នាក់ឈ្មោះ ម៉ុក (ឈិត ជឿនហៅ តាម៉ុក) ដែលរួមសហការជាមួយពួកវៀតមិញនោះ បើទោះបីគាត់មានកងទ័ពតិចតួចក៏ដោយ ក៏មានភាពសាហាវព្រៃផ្សៃណាស់ដែរ ហើយគាត់បានធ្វើការប្រយុទ្ធប្រឆាំងជាមួយកងទ័ពឥស្សរៈឯករាជ្យ ដែលដឹកនាំដោយសាវ៉ាង វង្ស ផងដែរ។
នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៤៩ ដាប ឈួន ក្នុងនាមជាប្រធានគណៈកម្មាធិការរំដោះជាតិខ្មែរ(KNLC) បានបញ្ជាឲ្យស្រ្តីឈ្មោះលាត មួន ជាសមាជិកគណៈកម្មាធិការនេះ ដែលពេលនោះកំពុងឈរជើងនៅក្នុងតំបន់ជនបទមួយនៅក្នុងខេត្តសៀមរាប ឲ្យប្រមូលរទេះគោ និងរទេះក្របីរាប់សិបគ្រឿង មកដឹកអង្ករ និងត្រី យកទៅលក់នៅប្រទេសសៀម ហើយយកលុយដែលលក់អង្ករ និងត្រីនោះ ទិញកាំភ្លើងបាន៨០ដើម យកមកបំពាក់ឱ្យកម្លាំងតស៊ូរបស់គាត់នៅប៉ែកនិរតីខេត្តបាត់ដំបង និងដើម្បីទាក់ទាញឲ្យទ្រង់ ចន្ទរង្សី មកចូលរួមជាមួយខ្លួនវិញផងដែរ។ ស្រីឈ្មោះ លាត មួន ដែលមានគំនិតចង់ឱ្យចលនាតស៊ូខ្មែរឥស្សរៈរួបរួមគ្នាវិញនោះ ក៏បានប្រឹងប្រែងធ្វើតាមបញ្ជារបស់ដាប ឈួន រហូតបានសម្រេច។ ប៉ុន្តែមិនយូរប៉ុន្មានដាប ឈួន មិនចោលចារឹកដឹកនាំផ្ដាច់ការ អាងអំណាចបុណ្យសក្ដិរបស់ខ្លួន មិនស្ដាប់មតិយោបល់នរណាទាំងអស់នោះ ធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់គណៈកម្មាធិការរំដោះជាតិខ្មែរ កាន់តែធ្ងន់ធ្ងរទៅៗ។ ដោយដឹងខ្លួនថា សមាជិកគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ភាគច្រើនមិនពេញចិត្តនឹងការដឹកនាំរបស់ខ្លួន ស្របពេលព្រះមហាក្សត្រនរោត្តម សីហនុ និងអាជ្ញាធរបារាំង អំពាវនាវឲ្យពួកមេឥស្សរៈចូលខ្លួនមករួបរួមក្នុងសង្គមជាតិវិញ និងសន្យាមិនយកទោសពៃ ព្រមទាំងផ្ដល់បុណ្យស័ក្ដិខ្ពង់ខ្ពស់ផងនោះ ដាប ឈួប ក៏ចាត់មនុស្សជំនិតរបស់ខ្លួនឲ្យលួចទាក់ទងសម្ងាត់ជាបណ្ដើរៗជាមួយរាជការខ្មែរ-បារាំង ក្នុងបំណងចុះចូលក្នុងសង្គមជាតិវិញ ៕
(វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)