ខេត្តបន្ទាយមានជ័យ៖ ជនដៃដល់ម្នាក់ទាញពូថៅដេញកាប់អ្នកភូមិប្រុសស្រីចំនួន៥នាក់ ឱ្យរងរបួសដេករដូករណែលនៅនឹងដី ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ជនបង្កឈ្មោះក្លឹង សំណាង ។ ចំណែកជនរងគ្រោះចំនួន៥នាក់៖ ១-ឈ្មោះឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់, ២-ឈ្មោះញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ,៣-ឈ្មោះទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់, ៤-ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល, ៥-ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង៥នាក់ រស់នៅកន្លែងកើតហេតុ ម្ដុំហាងស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។

មុនពេលកើតហេតុ ជនសង្ស័យមានអាការៈបាត់បង់ស្មារតី កាន់ពូថៅនៅនឹងដៃដើរស្រែកឡូឡា ហើយបានដេញកាប់ជនរងគ្រោះប្រុស ស្រី៥នាក់ ឱ្យរងរបួសដេករដូករណែលនៅនឹងដី។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ បានចុះទៅចាប់ខ្លួនជនបង្កនាំមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ។

ជនសង្ស័យបានសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀន បណ្តាលឱ្យបាត់បង់ស្មារតី។ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់តាមច្បាប់៕