ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងរៀបពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត គម្រប់ខួប១០ឆ្នាំ (២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០២០) ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានពេជ្រ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា ២០១០ ឬថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអភិបាលខណ្ឌចំការមន លោកថេង សុថុល រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រនៃទីក្រុងកោះពេជ្រ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ។

ពិធីរំលឹកវិញ្ញាណក្ខន្ធនេះ ប្រារពធ្វើឡើងនៅខាងមុខស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ស្ថិតនៅជាប់ស្ពាននាគនៃតំបន់កោះពេជ្រ ជាទីដែលជនរងគ្រោះបានបាត់បង់ជីវិតកាលពី១០ឆ្នាំមុន ដែលមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី,សាច់ញាតិក្រុមគ្រួសារបស់ជនរងគ្រោះ និងប្រជាពលរដ្ឋទៀតផងដែរ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងនៅលើស្ពានកោះពេជ្រ បណ្តាលឲ្យមនុស្សស្លាប់៣៥៣នាក់ និងរងរបួសជាង៤០០នាក់ផងដែរ ៕