ទីភ្នាក់ងារទេសចរណ៍ធំមួយរបស់ប្រទេសជប៉ុន JTB មានផែនការលុបចោលការងារចំនួន ៦.៥០០ កន្លែង ខណៈដែលទីភ្នាក់ងាររំពឹងថានឹងប្រកាសពីការខាតបង់សុទ្ធច្រើនបំផុត មិនធ្លាប់មានក្នុងឆ្នាំសារពើពន្ធនេះ ដោយសារតែជំងឺរាតត្បាតកូវិត-19។

ក្រុមហ៊ុន JTB បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនរំពឹងថានឹងខាតបង់ប្រហែល ៩៥០ លានដុល្លារក្នុងឆ្នាំធ្វើពាណិជ្ជកម្មបច្ចុប្បន្ន ដែលនឹងបញ្ចប់នៅខែមីនាឆ្នាំក្រោយ។ នោះគឺជាឱនភាពធំបំផុតដែលក្រុមនេះមិនធ្លាប់មានក្នុងកំណត់ត្រា ។

មន្ត្រីក្រុមហ៊ុន JTB និយាយថាពួកគេនឹងស្តារពាណិជ្ជ កម្មឡើងវិញ ដោយជំរុញការចូលនិវត្តន៍មុនពេលកំណត់និងអនុវត្តការផ្អាកចំពោះការជួលនិស្សិតបញ្ចប់ការសិក្សានៅឆ្នាំ ២០២២ ហើយពួកគេគ្រោងនឹងកាត់បន្ថយចំនួនការងារពី ២៩.០០០ ទៅ ២២.៥០០ កន្លែងក្នុងឆ្នាំសារពើពន្ធបន្ទាប់។

ពួកគេនឹងកាត់បន្ថយការងារចំនួន ២៨០០ នាក់ នៅក្នុងប្រទេសជប៉ុននិង ៣.៧០០ នាក់នៅក្រៅប្រទេស។ មន្ត្រីទាំងនោះក៏មានផែនការបង្កើនការលក់តាមអ៊ិនធឺរណេតនិងកាត់បន្ថយចំនួនការិយាល័យនៅប្រទេសជប៉ុនចំនួន ១១៥ កន្លែងផងដែរ។

ប្រធានក្រុមហ៊ុន JTB លោក Yamakita Eijiro បាននិយាយថាក្រុមហ៊ុន កំពុងកាត់បន្ថយការងារដោយភាពស្ទាក់ស្ទើរ។ លោកបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការត្រួសត្រាយផ្លូវដើម្បីទទួលបានប្រាក់ចំណេញក្នុងការស្តារឡើងវិញ។