ភ្នំពេញ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីស្រ្តីជាជនរងគ្រោះ លោកស័ក្តិ៥កងទ័ពជើងអាកាស ឈ្មោះ ហ៊ីម សំបូរ ដែលបានកាន់កាំភ្លើង មកជេរប្រមាថសំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដល់ប្រជាពលរដ្ឋ ជាអ្នករស់នៅជិតខាងគ្នានោះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

មុនពេលឃាត់ខ្លួន ស្រ្តីម្នាក់បានដាក់ពាក្យបណ្ដឹងលោកស័ក្តិ៥យោធាម្នាក់ ឈ្មោះហ៊ីម សំបូរ ដែលមានផ្ទះនៅជិតខាងគ្នា ព្រោះតែរឿងខឹងក្មេងអាយុ១១ឆ្នាំ លោកស័ក្តិ៥យោធាម្នាក់នេះ បានកាន់កាំភ្លើងមកជេរប្រមាថសំឡុត និងគំរាមកំហែងសម្លាប់គ្រួសារជនរងគ្រោះម្នាក់ជាអ្នករស់នៅជិតខាងគ្នា ។

ពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះបានរៀបរាប់ថា៖ នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៩៨១១៣៩ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមគោរពជូន លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ជាទីគោរពដ៏ខ្ពង់ខ្ពស់។ សុំប្តឹងពីឈ្មោះ ហ៊ីម សំបូរ ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤៥ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នបម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សម្លុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លីកាន់ដើរសំដៅមកកន្លែងអ៊ុតសក់នាងខ្ញុំ។

ពាក្យបណ្តឹងដដែលបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ីម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ (មួយ) ដើម កាន់ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ( ជី ជី សាឡន ) ដោយបានធ្វើការសម្លុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី។

នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហ៊ីម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំបានសាងសង់ផ្ទះ ល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងក្រុមគ្រួសារនាងខ្ញុំ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគេ ហើយសម្លុតនិងបានបោះពាក្យសម្តីថា អ្ហែងធ្វើមិនឈ្នះអញទេ ដែលទង្វើទាំងនេះគឺជាអំពើដែលខុសនឹងផ្លូវច្បាប់ទាំងស្រុង ព្រោះឈ្មោះខាងលើនេះក្នុងនាមជាសមត្ថកិច្ចផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស។ ទង្វើទាំងអស់នេះធ្វើឱ្យនាងខ្ញុំរស់នៅមិនបានសុខ ដោយការគំរាមកំហែងថាសម្លាប់ទាំងគ្រួសារ ហើយបុរសនោះតែងនិយាយថា ដោយសុខចិត្តស្លាប់ផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមលោកមេបញ្ជាការមេត្តាពិនិត្យ និងជួយរកយុត្តិធម៌ជូននាងខ្ញុំ ស្របតាមនីតិវិធីច្បាប់ដោយក្ដីអនុគ្រោះ។ ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងថា ៖ លោកនឹងចាត់ចែងរឿងនេះ និងសួរនាំទៅសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ៕ ទីបំផុត ! សមត្ថកិច្ចបានឃាត់ខ្លួនលោកស័ក្តិ៥កងទ័ពជើងអាកាស ឈ្មោះ ហ៊ីម សំបូរ យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការពិតមែន៕