រាជធានីភ្នំពេញ៖ គូស្នេហ៍១គូ ជាគូដណ្តឹងនឹងគ្នាជិតចូលរោងការ ខណៈដែលកំពុងបើកម៉ូតូឌុបគ្នាធ្វើដំណើរសុខៗ ត្រូវស្រ្តីជនបរទេសបើករថយន្ត១គ្រឿងបុកយ៉ាងពេញទំហឹង ខ្ទាត៣០ម៉ែត្រ បណ្តាលឲ្យខាងស្រីបាក់ដៃ ខាងប្រុសបាក់ជើងរងរបួសធ្ងន់ទាំង២នាក់ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសួនច្បារដ្ឋសភា ត្រង់ចំណុចមុខរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគូស្នេហ៍រងគ្រោះជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តRAV4 ១គ្រឿង បើកបរដោយនារីជនជាតិឥណ្ឌាម្នាក់ បើកបោះពួយយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្នជ្រុលមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ខ្ទាតប្រហែល៣០ម៉ែត្រ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មកធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធ និងស្រ្តីបើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ៕