ភ្នំពេញ៖ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៥​ខែ​វិច្ឆិកា​នេះ ក្រុមហ៊ុន​ណាហ្គាខប​បាន​បង្ហាញ​ពីគម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​៣៥០​លាន   ដុល្លារ។ គម្រោងនេះ​នឹង​បង្កើត​ឲ្យ​មាន​ជា សណ្ឋាគារ កន្លែង​ជិះ​ក្តារ​លើ​ទឹក សួន​ទឹក​ខ្នាតធំ សួន​ផ្កា​បែបធម្មជាតិ ឧទ្យាន​បែប​វប្បធម៌​និង​ប្រវត្តិសាស្រ្ត និង​ទី​ក្រុង Siem Reap China Town ផង​ដែរ។

បន្ថែមលើ​នេះ​ក្រុមហ៊ុន​ណាហ្គាខប​បាន​គូស​បញ្ជាក់​ថា គម្រោង​រមណីយ​ដ្ឋាន​មួយ​នេះ និង​មិន​មាន​រាប់បញ្ចូល​ឡើយ​នូវ​សេវាកម្ម​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ។​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល រមណីយដ្ឋាន​ដ៏​ធំ​នេះ​គ្រោង​នឹង​សាងសង់​ក្នុង​ទី​តាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឧទ្យាន​អង្គរ​ឡើយ ក្នុង​ទំហំ​ផ្ទៃ​ដី ៧៥​ហិក​តា។

ចំពោះ​ទី​តាំង​នេះ​ផង​ដែរ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹក​ដីហុងកុង​មួយ​នេះ ក្នុងរយៈ​ពេល​៥០​ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ២០៧០ ក្នុង​តម្លៃ​ជួល​ ០,៦​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​តម្លៃ​នេះ​នឹង​កើន​ឡើង​៥% នៅ​រាល់​៥​ឆ្នាំ​ម្តង។

បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន គម្រោង​នេះ​នឹង​ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ព្រម​ទាំង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ខេត្តសៀមរាប​ផ្ទាល់​តែ​ម្តង។

ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា ការអភិវឌ្ឍន៍នេះនឹងបម្រើដល់គោលបំណងជាច្រើនដូចជា ការបង្កើនដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរជាតិ អន្តរជាយិទៅកាន់ខេត្តសៀមរាប ស្របពេលណាហ្គាវើលអនុវត្តយុទ្ធសាស្ត្រ ធ្វើដំណើរថ្មីភ្ជាប់ខេត្តសៀមរាបនិងភ្នំពេញ។ ក្រុមហ៊ុននេះមានបំណងអនុវត្តយុទ្ធសាស្រ្ត ធ្វើការជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ិនធឺរណែត និងភ្នាក់ងារទេសចរណ៍ប្រទេសចិន និងកន្លែងផ្សេងទៀត ដើម្បីផ្តល់ជូននូវដំណើរកម្សាន្ត ដោយផ្អែកលើមូលដ្ឋានពេញលេញ ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ៕