ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជិត១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានយុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងជម្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។

សមត្ថកិច្ច បញ្ជាក់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះ មានចំនួនសរុប១០៣នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌលស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន (មិនមែនជាអ្នកជាប់ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀត ដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ តែដឹងអី ស្រាប់តែពួកគេនាំគ្នាគាស់ដែកចម្រឹងបង្អូចរត់គេចខ្លួនអស់៥០នាក់៕