រាជធានីភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តក្រចេះ ដោយបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី កាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារសាមគ្គី និងម៉ាត មួយចំនួន ក្នុងក្រុងក្រចេះ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនរួមមាន៖ នំកញ្ចប់ ចំនួន ៣កញ្ចប់ ស្មើនឹង ៦០០ក្រាម, ស្ករកៅស៊ូ ចំនួន ២កញ្ចប់ ស្មើនឹង ៥១០ក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕