រាជធានីបាងកក៖ ចូលមកដល់រដូវប្រមូលផលស្រូវនេះ មុនដំបូង​ប្រជា​កសិករ​ថៃ មានសង្ឃឹមនៅក្នុងចិត្តយ៉ាងខ្លាំង ដោយសារ​ឃើញ​ស្រូវ​ទទួល​បានទិន្នផលខ្ពស់ ប៉ុន្ដែចុងក្រោយ បែរជាធ្វើឲ្យពួកគាត់ខកចិត្ដយ៉ាងខ្លាំង ដោយសារ​តម្លៃស្រូវបានធ្លាក់ចុះយ៉ាងគំហុក នៅចន្លោះពី៦ទៅ៧បាត (លុយ​ថៃ ឬស្មើនឹង៧៩៨-៩៣១រៀល​លុយខែ្មរ) ក្នុង១គីឡូក្រាម នៅក្នុងសប្ដាហ៍នេះ។​

លោក Pee Wannasri ជាកសិករ​ម្នាក់​​រស់នៅខេត្ត Kalasin ប្រទេសថៃ បាន​ថ្លែងថា នៅពេលឃើញស្រូវផ្លែខ្លាំង និងផ្ដល់ទិន្នផលខ្ពស់ រូបគាត់ ក៏​ដូច​ជាកសិករដទៃទៀត សង្ឃឹមថា ស្រូវនឹងមានតម្លៃថ្លៃ យ៉ាងហោច​ណាស់ ក៏​ក្នុង១គីឡូក្រាម មានតម្លៃចន្លោះពី៩ទៅ១០បាត (ឬចន្លោះ​ពី​១០៨១​ទៅ​១៣៣១រៀលលុយខ្មែរ)ដែរ។ បើតម្លៃនេះ គាត់អាចចំណេញ​ច្រើន ហើយ​អាច​រកលុយ មកដោះបំណុលធនាគារ និងមានលុយសល់ខ្លះ សម្រាប់​ទ្រទ្រង់​​ដល់ជីវភាពក្រុមគ្រួសាររបស់គាត់។

ប្រជាកសិករដដែល បានបញ្ជាក់ថា នៅឆ្នាំនេះ ដីទំហំ១រ៉ៃ (ស្មើនឹង​១៦០០​ម៉ែត្រ​ការ៉េ ឬ០,១៦ហិកតា) ស្រូវឲ្យផល ​ចន្លោះពី៣០០-៤០០គីឡូក្រាម។ បើ​តាមអត្រាតម្លៃនេះ កសិករនឹងរកប្រាក់ចំណូលបាន ចន្លោះ​ពី១៨០០​-២៤​​០០បាត (លុយថៃ ឬស្មើនឹងចន្លោះពី ២៣៩ ៥៨៦-៣១៩ ៤៤៩​រៀល) ក្នុងមួយ១រ៉ៃ (ដីទំហំ១៦០០ម៉ែត្រការ៉េ) បើធៀបនឹងតម្លៃពីមុន ចន្លោះពី ២ ១០០បាត ទៅ ២ ៨០០បាត (ឬស្មើនឹង ២៧៩ ៥១៧​ទៅ​៣៧២ ៦៩០រៀល) ក្នុង១រ៉ៃ។

ប្រជាកសិករថៃដដែល បានបន្ដថា ការធ្លាក់ចុះតម្លៃស្រូវបែបនេះ នឹងធ្វើឲ្យ​ប្រជា​កសិរថៃ ខាតបង់​ខ្លាំងណាស់។ ពួកគាត់មិនបានសល់អ្វី ក្រៅតែពីបាត​ដៃទទេនោះឡើយ។​ ដូច្នេះពួកគាត់មានតែអំពាវនាដល់រដ្ឋាភិបាលថៃ ឲ្យ​ជួយ​​ធានាអំពីតម្លៃស្រូវនេះ។ បើមិនដូច្នេះទេ ពួកគាត់​មិនអាច​មាន​លទ្ធភាព រកប្រាក់សងបំណុលធនាគារនោះឡើយ៕