រដ្ឋាភិបាលអង់គ្លេសនិយាយថាខ្លួនកំពុងចាត់វិធានការមុនពេលកំណត់ដោយមានវិធានការណ៍ដ៏មុតមាំប្រឆាំងនឹងការឡើងកំដៅផែនដី។ រដ្ឋាភិបាលនិយាយថានឹងហាមឃាត់ការលក់រថយន្តប្រើសាំង និងរថយន្តម៉ាស៊ូតថ្មី នៅត្រឹមឆ្នាំ ២០៣០ ដែលមានរយៈពេល៥ឆ្នាំ មុនផែនការ។

ក្រុមមន្រ្តីនិយាយថានៅឆ្នាំ ២០៣៥ ពួកគេក៏នឹងហាមឃាត់ការលក់រថយន្តកូនកាត់ថ្មីផងដែរ។ ពួកគេមានផែនការជំរុញឲ្យមានរថយន្តប្រើអគ្គិសនី និងរថយន្តថាមពលស្អាតផ្សេងទៀត តាមរយៈការឧបត្ថម្ភធនដល់អ្នកទិញ និងដំឡើងស្ថានីយសាកថ្មបន្ថែមទៀត។

ចក្រភពអង់គ្លេស បានបង្កើនផែនការរបស់ខ្លួនលើបរិស្ថាន ខណៈប្រទេសនេះត្រៀមរៀបចំសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ COP26 នៅឆ្នាំក្រោយ។ នាយករដ្ឋមន្រ្តី លោកBoris Johnson បានគូសបញ្ជាក់នូវផែនការ ១០ ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើតការងារ។

វិធានការដែលបានស្នើឡើង បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីផ្នែកឧស្សាហកម្ម។ លោក Mike Hawes នាយកប្រតិបត្តិនៃសមាគមអ្នកផលិតរថយន្តនិងពាណិជ្ជករ បាននិយាយថា ភាពជោគជ័យនៃផែនការនឹងអាស្រ័យលើភាពងាយស្រួលដែលអតិថិជនអាចទិញរថយន្តថ្មីនិងបញ្ចូលថាមពលអគ្គីសនីបាន។