រាជធានីបាងកក៖ ស្រ្ដីម្នាក់បានចងកូនព្យួរ នៅជាន់ទី៣ នៃអគារកម្ពស់​៤​ជាន់ ហើយគំរាមបោះមកដី តែត្រូវបានក្រុមអ្នកជួយសង្រ្គោះ និងប៉ូលិស​ចេញ​ទៅជួយសង្រ្គោះទាន់ពេលវេលា ដោយរួចផុតពីគ្រោះថ្នាក់ កាលពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងខណ្ឌ Soi Ratchada Tha Phra ទីក្រុងបាងកក។

ក្រុមអ្នកជួយសង្រ្គោះ បានឲ្យដឹងថា បើតាមការពិនិត្យមើល ស្រ្ដីជា​ម្ដាយ​ទំនង​ជាមានបញ្ហាសរសៃប្រសាទ ទើបនាងគំរាមបោះកូនរបស់ខ្លួន ពីជាន់​ទី៣ នៃអគារកម្ពស់៤ជាន់ ជាផ្ទះល្វែង ដែលនាងរស់នៅ។ ឃើញ​ហេតុ​ការណ៍​បែបនេះ ក្រុមអ្នក​ជួយ​សង្រ្គោះ និងប៉ូលិស មកពីស្ថានីយ Bukkalo បានចេញទៅធ្វើអន្ដរាគមន៍​​ដោយប៉ូលិស​ព្យាយាមចរចា និងលួងលោម អស់​រយៈ​ពេលជាច្រើនម៉ោង។ ស្របពេលនេះ ប៉ូលិស និងក្រុមអ្នក​ជួយ​សង្រ្គោះ​ខ្លះ​ទៀត ​បានលួចឡើងទៅជាន់ខាងលើ  និងជួយសង្រ្គោះ​ក្មេង​នោះ ឲ្យរួច​ផុតពីគ្រោះថ្នាក់។

បើតាមបុរសជាប្តីរបស់ស្រ្ដីខាងលើនេះ បានប្រាប់ប៉ូលិសថា ប្រពន្ធ​របស់​គាត់ មិនបានធ្វើការងារអ្វី ចាប់តាំងពីនាងមានកូនមកម៉្លេះ។ រីឯស្ថានភាព នៅក្នុងគ្រួសាររបស់គាត់ តែងតែមានការឈ្លោះប្រកែកគ្នាម្តងម្កាល ដែរ រវាងពួកគេទាំងពីរប្ដីប្រពន្ធ។ ប៉ុន្តែជម្លោះនោះមិនមានអ្វី​ធ្ងន់ធ្ងរនោះទេ ហើយប្រពន្ធរបស់គាត់ ក៏មិនមានជំងឺអ្វី​នោះដែរ។

ក្រោយពេលកើតហេតុ ប៉ូលិសបានបញ្ជូន​ស្រ្ដីជាម្ដាយ​ទៅកាន់​វិទ្យាស្ថាន​ចិត្ត​សាស្រ្ដ Somdet Chaopraya ដើម្បីពិនិត្យមើលខួរក្បាលរបស់នាង៕