ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ យោងតាមការសរុបរបាយការណ៍របស់ចៅហ្វាយខេត្តនានាទូទាំងប្រទេស បានឲ្យដឹងថា នៅដើមឆ្នាំ១៩៤៩ កងទ័ពខ្មែរឥស្សរៈសរុបទាំងអស់ មានចំនួនប្រមាណ១០.៦០០នាក់។ ប៉ុន្តែមន្រ្តីបារាំង បានបញ្ជាក់ថា តួលេខនេះដូចជាមានការពន្លើសពេកហើយ។ ក្នុងចំណោមចលនាខ្មែរឥស្សរៈទាំងនោះ ក៏មានចលនាតស៊ូខ្មែរឥស្សរៈមួយចំនួនទៀត គឺគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចជាអ្នកបង្កើតឡើងផងដែរ។ តែទោះជាយ៉ាងណា ក៏ពេលនោះកងទ័ពចលនាតស៊ូខ្មែរឥស្សរៈទាំងអស់នោះ មិនសូវមានទីតាំងមាំទាំ និងគ្មានអាវុធគ្រប់គ្រាន់ដែរ គឺកងទ័ពទាំងនោះគ្រាន់តែមានលក្ខណៈជាកងឈ្លបដែលលាក់ខ្លួននៅតំបន់ជនបទ និងព្រៃភ្នំប៉ុណ្ណោះ ហើយរាជការខ្មែរ-បារាំង បានធ្វើការប៉ាន់ស្មានថា មានកងទ័ពវៀតមិញ មិនដល់១០០០នាក់ទេ ដែលចូលមកសហការជាមួយពួកតស៊ូខ្មែរឥស្សរៈទាំងនោះ។

កងទ័ពបារាំងចាប់បានពួកវៀតមិញ
កងទ័ពបារាំងចាប់បានពួកវៀតមិញ

ឈ្មោះចាន់ តារា អតីតអ្នកចូលរួមបាតុកម្មប្រឆាំងនឹងបារាំងនៅភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ហើយបានរត់គេចខ្លួនទៅបម្រើក្នុងជួរកងទ័ពជប៉ុន នៅខេត្តស្ទឹងត្រែង កាលពីពីឆ្នាំ១៩៤៥ នោះ ក៏បានបង្កើតកងទ័ពខ្មែរឥស្សរៈមួយក្រុមដែរ ហើយបានបោះទីតាំងឈរជើងនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាមួយមេខ្មែរឥស្សរៈម្នាក់ទៀតឈ្មោះ ងិន ហោ។ ឯនៅស្រុកពាមជរ ដែលនៅជាប់ស្រុកកំពង់ត្របែក នោះដែរ ក៏មានពួកខ្មែរឥស្សរៈប្រមាណ៥០នាក់ និងពួកវៀតមិញប្រមាណ១៣០នាក់ ក្នុងនោះមានស្រីក្មេងៗផងដែរ។
ចំណែកនៅភាគខាងជើងទីរួមខេត្តព្រៃវែង នៅតាមដងទន្លេតូច ក្នុងស្រុកពារាំង ក៏មានកងទ័ពខ្មែរឥស្សរៈ និងវៀតមិញ ប្រមាណ៥០០នាក់ ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤៩ ចាន់ តារា និង ងិន ហោ បានដឹកនាំកម្លាំងរបស់ខ្លួន៤០នាក់ ធ្វើការវាយប្រហារទៅលើបុស្តិ៍ទាហានរាជការខ្មែរ -បារាំង ដែលទើបតែបង្កើតថ្មីមួយ នៅក្នុងស្រុកពាមជរ ហើយក្រោយមកទៀត ពួកគាត់បានកេណ្ឌកម្លាំងអ្នកស្រុកប្រមាណ៧០នាក់ ធ្វើការវាយប្រហារទៅលើបុស្តិ៍នោះជាថ្មីម្ដងទៀត។
៣សប្ដាហ៍ក្រោយការវាយប្រហារនោះ ចៅហ្វាយខេត្តព្រៃវែង បានរាយការណ៍ទៅថ្នាក់លើថា ពួកឥស្សរៈចម្រុះដែលប្រមូលផ្ដុំនៅស្រុកពាមជរ នោះ មានគ្នាពី១០០ ទៅ២០០នាក់ឯណោះ ។

កងទ័ពបារាំងចាប់បានពួកវៀតមិញ
កងទ័ពបារាំងចាប់បានពួកវៀតមិញ

នៅខេត្តព្រៃវែង មានចលនាតស៊ូខ្មែរឥស្សរៈច្រើនក្រុម ដឹកនាំដោយមេផ្សេងៗគ្នា ដូចជា អាចារ្យយី , ចាន់ តារា , កែវ មុនី និងទូ សាមុត ជាដើម ។ អាចារ្យយី ជាអតីតអង្គរក្សរបស់ដាប ឈួន កាលនៅភាគខាងលិចប្រទេស ។ ក្រោយមកគាត់រត់ចោលដាប ឈួន មកធ្វើជាសកម្មជនម្នាក់របស់គណបក្សប្រជាធិបតេយ្យ នៅក្រុងភ្នំពេញ ។ នៅក្នុងឆ្នាំ១៩៤៩ លោកអៀវ កើស មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងជាប្រធានរដ្ឋសភា បានចាត់តាំងគាត់ឱ្យទៅបង្កើតកងទ័ពស្វយ័តមួយនៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ហើយគាត់បានបង្កើតកងទ័ពបានចំនួន៣០០នាក់ (គិតទាំងអ្នកគ្មានអាវុធភាគច្រើន) ។ បន្ទាប់មកទៀត អាចារ្យយី មិនត្រឹមតែដឹកនាំកងទ័ពគាត់វាយប្រហារ ទៅលើទីតាំងរដ្ឋបាលរបស់រាជការខ្មែរ-បារាំងទេ គឺគាត់ថែមទាំងបានធ្វើការវាយប្រហារទៅលើកងទ័ពវៀតមិញ ដើម្បីដណ្ដើមអាវុធ និងដុតកម្ទេចភូមិអ្នកនេសាទវៀតណាម ដែលតាំងនៅត្រើយខាងកើតទន្លេមេគង្គ ទៀតផង។ លើសពីនេះទៅទៀត សូម្បីតែវត្តខ្មែរណាដែលជាវត្តប្រកាន់ពុទ្ធសាសនាមហានិកាយ (វត្តធម្មយុត្តិកនិកាយ) ក៏គាត់ដុតកម្ទេចអស់មួយចំនួនដែរ។

កងទ័ពវៀតមិញ
កងទ័ពវៀតមិញ

នៅក្នុងខែឧសភា ឆ្នាំ១៩៤៩ មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលមានយ៉ែម សំបូរ ជានាយករដ្ឋមន្រ្តី និងអៀវ កើស ជាប្រធានរដ្ឋសភា ក៏បានធ្វើការព្រមានទៅអាចារ្យយី ថា ប្រជារាស្រ្តខ្មែរត្រូវរួបរួមគ្នា ដើម្បីដណ្ដើមឯករាជ្យមកជូនប្រទេសជាតិ ដូច្នេះមិនត្រូវសម្លាប់គ្នាឯង មិនត្រូវដុតភូមិករអ្នកស្រុកនោះទេ ពិសេសត្រូវគោរពទីវត្តអារាមដែលជាកន្លែងសក្ការៈបូជា។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៤៩ គណៈប្រតិភូគណបក្សប្រជាធិបតេយ្យមួយក្រុម ដោយមានជនជាតិចិនម្នាក់ជាតំណាងបក្សកុម្មុយនិស្តចិន នៅទីក្រុងភ្នំពេញ រួមដំណើរផង បានធ្វើដំណើរទៅទស្សនកិច្ចជាសម្ងាត់នៅក្នុងតំបន់ត្រួតត្រារបស់អាចារ្យយី។ ពេលនោះតំណាងបក្សកុម្មុយនិស្តចិនម្នាក់នោះ បានថ្លែងបញ្ជាក់ក្នុងនាមបក្សកុម្មុយនិស្តចិន ពីការគាំទ្ររបស់ខ្លួនចំពោះការតស៊ូររបស់អាចារ្យយី ។
៣ថ្ងៃក្រោយពីដំណើរទស្សនកិច្ចជាសម្ងាត់នោះ ក្នុងអង្គប្រជុំមួយនៅស្រុកល្វាឯម ក្រុមឥស្សរៈរបស់អាចា្យយី ដែលមានគណបក្សប្រជាធិបតេយ្យនៅពីក្រោយខ្នង បានបញ្ជាក់គោលជំហររបស់ខ្លួនថា យើងមិនត្រូវឲ្យពួកវៀតមិញ ចូលមកឈ្លានពានប្រទេសយើងទេ ហើយបើពួកគេស្នេហាជាតិ ត្រូវតែទៅស្នេហាជាតិនៅក្នុងប្រទេសគេទៅ។

កងទ័ពបារាំង
កងទ័ពបារាំង

៦ថ្ងៃក្រោយពីប្រជុំគ្នានៅស្រុកល្វាឯមនោះ ចៅហ្វាយខេត្តព្រៃវែងរបស់រាជការខ្មែរ-បារាំង បានធ្វើរបាយការណ៍ថា អាចារ្យយី បានដឹកនាំកម្លាំងប្រមាណ៣០០នាក់ធ្វើការវាយប្រហារនៅទីតាំងកងទ័ពវៀតមិញ ដែលស្ថិតនៅខាងជើងទីរួមខេត្តព្រៃវែង ឲ្យរត់ខ្ចាត់ខ្ចាយអស់ ហើយមួយខែក្រោយមក កងទ័ពអាចារ្យយី ក៏បានប្រកាសថា ពួកគេបានសម្លាប់ជនជាតិវៀតណាម នៅក្នុងស្រុកពាមរក៌ អស់ជាច្រើននាក់ ទោះបីពួកជនជាតិវៀតណាម ទាំងនោះ មិនមែនជាកងទ័ពវៀតមិញកុម្មុយនិស្ត ក៏ដោយ។
ពេលនោះ នៅក្នុងស្រុកបាភ្នំ មេខ្មែរឥស្សរៈឈ្មោះ ងិន ហោ ជាអ្នកដឹកនាំកងទ័ពខ្មែរ៤០នាក់ និងមានកងទ័ពវៀតមិញ៨០នាក់ ។ នៅក្នុងស្រុកព្រៃវែង (សព្វថ្ងៃដូរឈ្មោះមកជា ស្រុកស្វាយអន្ចរ) មានជនជាតិវៀតណាមដើមកំណើតខ្មែរម្នាក់ ក៏បានដឹកនាកងទ័ពខ្មែរ២០០នាក់ និងមានកងទ័ពវៀតមិញ ៥០នាក់ទៀតដែរ។

ទូ សាមុត
ទូ សាមុត

ចំណែកនៅខេត្តស្វាយរៀង ក៏មានកងទ័ពចម្រុះខ្មែរ-វៀតមិញ ចំនួន២០០នាក់ ដឹកនាំដោយជនជាតិវៀតម្នាក់ កាន់សាសនាកាវដាយ។
នៅក្នុងខែកញ្ញា ឆ្នាំ១៩៤៩ នៅពេលព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសរំលាយសភាដែលមានតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យភាគច្រើនលើសលុបនោះចោល ហើយអាចារ្យយី ត្រូវបានកងទ័ពរាជការខ្មែរ-បារាំង ចាប់ខ្លួនបាន ។ ទោះបីអាចារ្យយី ជាមេឥស្សរៈម្នាក់ដែលប្រឆាំងនឹងពួកវៀតមិញ យ៉ាងប្ដូរផ្ដាច់ក៏ដោយ តែត្រូវតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធធនាគាររយៈពេល១០ឆ្នាំ និងបង្ខំឱ្យធ្វើការជាទម្ងន់ដែរ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)