ការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណា នៅទូទាំងប្រទេសជប៉ុន កំពុងធ្វើឱ្យមានទំនោរទៅរកផែនការសម្រាប់រដូវកាលបុណ្យ ដោយនាយកក្រុមហ៊ុនជាច្រើននិយាយថាពួកគេនឹងមិនរៀបចំពិធីជប់លៀងសម្រាប់និយោជិករបស់ពួកគេទេនៅឆ្នាំនេះ។

ក្រុមហ៊ុនស្រាវជ្រាវមួយបានស្ទង់មតិក្រុមហ៊ុនជាង ១ ម៉ឺនក្រុមហ៊ុន អំពីផែនការរបស់ពួកគេដើម្បីអបអរ នៅចុងឆ្នាំ ២០២០ និងការចាប់ផ្តើមឆ្នាំ ២០២១ ដែលស្ទើរតែ ៩០ ភាគរយបាននិយាយថាពួកគេនឹងមិនមានពិធីជប់លៀងណាមួយទេ ហើយក្នុងចំណោមក្រុមហ៊ុនធំ ៗ មានជិត ៩៣ ភាគរយ បាននិយាយបែបនេះ។

នៅតាមខេត្ត កោះហុកកៃដូ ស្ថិតនៅកំពូលនៃបញ្ជី ដែល៩៣ ភាគរយ នៃក្រុមហ៊ុននៅទីនោះ បាននិយាយថាពួកគេនឹងលុបចោលពិធីជប់លៀងឆ្លងឆ្នាំនៅឆ្នាំនេះ។ ទីក្រុងតូក្យូ និងអូសាកា ស្ថិតនៅលេខរៀងបន្ទាប់ ដែលក្រុមហ៊ុននៅក្រុងទាំងពីរខាងលើ ៩០ ភាគរយ និយាយថាគ្មានពិធីសំរាប់ឆ្នាំថ្មីទេ។

ក្រុមហ៊ុនស្រាវជ្រាវក៏បានរកឃើញថាចន្លោះខែមករានិងតុលា ភោជនីយដ្ឋាននិងបារនានា នៅទូទាំងប្រទេសបានក្ស័យធនក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។ក្រុមហ៊ុនស្រាវជ្រាវ និយាយថាការសម្រេចចិត្តរបស់ក្រុមហ៊ុនភាគច្រើនមិនឱ្យរៀបចំពិធីជប់លៀងនឹងបង្កឱ្យមានផលប៉ះពាល់ផងដែរដល់ភោជនីយដ្ឋាន ខណៈពិធីជប់លប់លៀង តែងរៀបចំនៅទីនោះ។