ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសប្រេស៊ីល ទំនងជាស្ទុះងើបឡើងវិញពីផលប៉ះពាល់ខ្លាំងនៃជំងឺCOVID-19 ហើយនៅក្នុងខែធ្នូ ត្រូវបានរំពឹងថានឹងដំណើរការបាន ៨០ ភាគរយ នៃសមត្ថភាពដែលខ្លួនបានចុះបញ្ជីក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ លោក Ronei Glanzmann ប្រធានលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាតិ បាននិយាយក្នុងវេទិកាឧបត្ថម្ភដោយក្រសួងហេដ្ឋារចនាសម្ព័ន្ធថា ក្នុងអំឡុងពេលនៃការបិទក្រុងដោយសារជម្ងឺឆ្លងរាលដាល ជើងហោះហើរប្រចាំថ្ងៃជាមធ្យមរបស់ប្រទែសប្រេស៊ីលបានធ្លាក់ចុះពី ២៥០០ ជើង មកត្រឹមប្រហែល ២០០ជើង ។

លោកបាននិយាយថា ក្នុងរយៈពេលជាច្រើនខែ ដែលមានការកើនឡើងខ្ពស់បំផុតនៃករណីជម្ងឺកូវិត -19 ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល បានកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនរហូតដល់ ៩៩ ភាគរយ។ លោក Glanzmann បាននិយាយថាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមានការកើនឡើងនៃសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីលហើយចំនួននេះគឺជាតួលេខគួរអោយចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅអាមេរិកខាងត្បូងផ្សេងទៀត។ ជើងហោះហើរអន្តរជាតិនៅក្នុងខែធ្នូ ត្រូវបានគេរំពឹងថានឹងមានប្រហែល ៤៥ ភាគរយនៃសមត្ថភាពដែលត្រូវបានគេមើលឃើញកាលពីមួយឆ្នាំមុន។

នៅក្នុងទីផ្សារអន្តរជាតិ ការស្ទុះងើបឡើងវិញយឺតជាង ព្រោះយើងពឹងផ្អែកលើទីផ្សារផ្សេងទៀត ។ រដ្ឋាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះអាចនឹងជួបប្រទះនូវរលកទី ២ នៃជម្ងឺកូវិត- ១៩ ដែលអាចកើតមាន ខណៈករណីនៃការស្លាប់បានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Paulo Guedes រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បាននិយាយថាប្រសិនបើរលកទី ២ នៃជម្ងឺកូវិត ១៩ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសប្រេស៊ីល នោះរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះដូចដែលប្រទេសបានធ្វើជាលើកដំបូង។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយជម្ងឺ COVID-19 ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកផ្ទុកមេរោគច្រើនជាងគេទីបី បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា។