រដ្ឋធានីតៃប៉ិ៖ យន្ដហោះយោធារបស់ចិន ចំនួន៣គ្រឿង បានហោះ​ចូលទៅ​ក្នុងដែន​អាកាសរបស់តៃវ៉ាន់ ហើយកងទ័ពអាកាសរបស់ដែនកោះនេះ ក៏​បាន​​ឆ្លើយតបភ្លាមៗ ចេញប្រតិបត្ដិការ និងបញ្ចេញនូវការព្រមាន ព្រមទាំង​ពង្រាយនូវប្រព័ន្ធមីស៊ីលជាច្រើនគ្រឿង បណ្ដេញយន្ដហោះ​បច្ចាមិត្ត​ចេញ​ពីដែន​អាកាសរបស់ខ្លួន។

បើតាមសារព័ត៌មាន Taiwan News បានផ្សាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០២ថា យន្ដហោះយោធារបស់ប្រទេសចិន បានហោះចូល​ក្នុងតំបន់​ការពារដែនអាកាសរបស់តៃវ៉ាន់ ​(ADIZ) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០​២០។ នេះជាការហោះហើរ រំលោភចូលដែនអាកាស​របស់កោះតៃវ៉ាន់ជាថ្មី ពីសំណាក់កងទ័ព​ចិន។ បើគិតចាប់តាំងពីថ្ងៃទី១-១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កងទ័ពចិនបានបើកយន្ដហោះចម្បាំងជាច្រើនគ្រឿង ចូលមកលើ​ដែន​អាកាស​របស់កោះតៃវ៉ាន់ ចំនួ១៣លើក។

សារព័ត៌មានដែល បានបន្ដថា ក្រោយពេលមានហេតុការណ៍បែបនេះ កងទ័ពអាកាសរបស់តៃវ៉ាន់ ​បានបើកយន្ដហោះចម្បាំងរបស់ខ្លួន ចេញ​ប្រតិបត្ដិការ​ភ្លាមៗ បណ្ដេញយន្ដហោះរបស់ចិន ចេញពីដែន​អាកាស​របស់​ខ្លួន និងពង្រាយមីស៊ីលទំនើប សម្រាប់បើក​ការវាយប្រហារ​ទៅលើ​យន្ដហោះ​ចម្បាំងរបស់ចិន​។ ប៉ុន្ដែនៅក្នុងឧបទ្ទវហេតុទាំងនោះ មិន​មាន​ការប្រឈមមុខដាក់គ្នា រហូតបង្កឲ្យមានគ្រោះថ្នាក់​ដល់ភាគី​ណាមួយ​នោះឡើយ។

បើតាមក្រសួងការពារជាតិតៃវ៉ាន៉ (MND) បានឲ្យដឹងថា យន្ដហោះ​យោធា​ចំនួន៣គ្រឿងរបស់កងទ័ពអាកាសរំដោះប្រជាជនចិន​ (PLAAF) ដែល​ហោះ​ចូលមកក្នុងដែនអាកាសរបស់តៃវ៉ាន់នោះ រួមមាន យន្ដ​ហោះ​ចម្បាំង​ប្រឆាំង​នឹងនាវាមុជទឹក ប្រភេទ​ Shaanxi Y-8, យន្ដហោះ​ចម្បាំង​អេឡិក​ត្រូនិក ប្រភេទ ​ Shaanxi Y-8  និងយន្ដហោះចម្បាំងអេឡិកត្រូនិក ប្រភេទ​ Shaanxi Y-9 ។ យន្ដហោះចម្បាំងទាំង៣គ្រឿងនេះ បានហោះចូលមក​ភាគនិរតី នៃដែនកោះតៃវ៉ាន់ (ADIZ)។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា ជាការឆ្លើយតបវិញនោះ យន្ដ​ហោះ​ចម្បាំង ប្រភេទប្រដេញរបស់តៃវ៉ាន់ បានចេញប្រតិបត្ដិការ ដេញ​ស្ទាក់​យន្ដហោះរបស់ចិន ដោយបញ្ចេញការព្រមានតាមវិទ្យុ និងការ​ពង្រាយ​ប្រព័ន្ធ​មីស៊ីលការពារដែនអាកាស ដើម្បីតាម​ដានសកម្មភាព​របស់យន្ដហោះ​ចិនទាំងនោះ។ សម្រាប់រយៈពេលជាង២ខែកន្លងមកនេះ ចិនបានបញ្ជូនយន្ដហោះចម្បាំង ប្រភេទ​ Shaanxi Y-8s  ជាច្រើនគ្រឿង ចូលមកដែនអាកាស នាភាគនិរតី នៃកោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជូនយន្ដហោះចម្បាំង ចូលមកភាគពាយព្យ និង ភាគនិរតី នៃកោះតៃវ៉ាន់ ចំនួន១៨គ្រឿង។ យន្ដហោះចម្បាំងរបស់ចិនប៉េកាំងទាំងនោះ រួមមាន  យន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ H-6  យន្ដហោះ J-10 យន្ដ​ហោះ J-11 និងយន្ដហោះប្រដេញ J-16 ។ យន្ដហោះចម្បាំង និងទម្លាក់គ្រាប់បែកទាំងនោះ ត្រូវបានគេបែងចែកជា៥ក្រុម សម្រាប់អនុវត្ដការហោះហើរ ចូលមកលើដែនអាកាសរបស់តៃវ៉ាន់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែអះអាងថា កោះតៃវ៉ាន់ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយចិនតែងតែគំរាមកំហែងថា ខ្លួននឹងវាយកម្ទេចដែនកោះមួយនេះ ប្រសិនបើ​ប្រកាសឯករាជភាព​ ផ្ដាច់ចេញពីចិន។ ដោយសារមាន ផែនការ បែបនេះ ទើបរដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែបញ្ជាឲ្យកងទ័ពអាកាស និងកងទ័ពជើងទឹក ហោះហើរ ហើយធ្វើនាវាចរណ៍នាវាចម្បាំង ចូលទៅ ក្នុងដែនអធិបតេយ្យភាពរបស់តៃវ៉ាន់ជាញឹកញាប់។

ដោយឡែក រដ្ឋាភិបាលទីក្រុងតៃប៉ិវិញ ក្រោយពេលមានការគំរាម​កំហែងជា​ញឹកញាប់​ពីសំណាក់ចិន​ប៉េកាំងនោះ តៃវ៉ាន់​បានបង្កើនការទិញ​គ្រឿង​សព្វាវុធ​ទំនើបៗ មានតម្លៃរាប់សិបពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ទុកសម្រាប់យកមកធ្វើសង្រ្គាម ទប់ទល់នឹងការឈ្លានពានរបស់ចិន។ ជាមួយគ្នានេះ លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីកោះតៃវ៉ាន់ បាន​បញ្ជាក់ថា លោកស្រី ត្រូវតែការពារដែនកោះនេះឲ្យខាងតែបាន មិនឲ្យធ្លាក់​ចូលទៅ​ក្នុង​កណ្ដាប់ដៃចិនប៉េកាំងនោះឡើយ បើទោះជាត្រូវចំណាយ ឬប្រើប្រាស់មធ្យោបាយបែបណាក៏ដោយ៕