ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៤៩ នៅភាគអាគ្នេយ៍ប្រទេស កងទ័ពខ្មែរឥស្សរៈប្រមាណ៣០០នាក់ ដឹកនាំដោយ ពុត ឆាយ , វិញ ធិញ (ជាជនជាតិវៀតណាម) និងមនុស្សជំនិតរបស់សឺង ង៉ុកមិញ ២នាក់ទៀត ព្រមទាំង ងិន ហោ និងកែវ មុនី មកពីខេត្តព្រៃវែង បានបើកការវាយប្រហារទៅលើសាលាស្រុកលើកដែក ខេត្តកណ្ដាល។
ពេលនោះកែវ មុនី ត្រូវរងរបួស ហើយត្រូវកងពួកទាហានរាជការខ្មែរ-បារាំង ចាប់ខ្លួនបាន។ ប៉ុន្តែជាង៣ខែក្រោយមក ដោយមានការស្នើសុំពីមេខ្មែរឥស្សរៈម្នាក់ ដែលចូលជាមួយរាជការខ្មែរ-បារាំងនោះ កែវ មុនី ក៏ត្រូវបានអាជ្ញាធររាជការខ្មែរ-បារាំង ដោះលែងវិញ ហើយគាត់ក៏បានត្រឡប់ទៅដឹកនាំតស៊ូប្រឆាំងនឹងបារាំង បន្តទៀត ។
ចំណែកកងទ័ពខ្មែរឥស្សរៈកំពុងឈរជើងតំបន់ត្រើយខាងលិចទន្លេបាសាក់ ក៏បានត្រៀមឆ្លងទៅតំបន់ខាងលិចទន្លេបាសាក់ ដើម្បីឡោមព័ទ្ធទីក្រុងភ្នំពេញ ។ ពេលនោះសូម្បីតែស្ទឹងព្រែកត្នោត ដែលនៅក្បែរទីរួមខេត្តកណ្ដាល ក៏រងនូវការគំរាមគំហែងរបស់ពួកខ្មែរឥស្សរៈ ហើយទីប្រជុំជនកំពង់កន្តួត ក្នុងស្រុកកណ្ដាលស្ទឹង ក៏មានមុខសញ្ញាវាយប្រហាររបស់ពួកខ្មែរឥស្សរៈដែរ។

ពុធ ឆាយ
ពុធ ឆាយ

នៅខាងកើតទន្លេមេគង្គ ពួកឥស្សរៈបានបោះទីតាំងឈរជើងនៅស្រុកខ្សាច់កណ្ដាល និងធ្វើសកម្មភាពពាសពេញស្រុកល្វាឯម ។ ប៉ូលិសរាជការខ្មែរ-បារាំង នៅវិហារសួគ៌ ត្រូវថ្នាក់លើពួកគេបញ្ជាឲ្យដកថយពីប៉ុស្តិ៍ ព្រោះខ្លាចពួកឥស្សរៈវាយដណ្ដើមយកអាវុធ ។
បើតាមប្រភពពីអាជ្ញាធររាជការខ្មែរ-បារាំង បានឱ្យផ្សព្វផ្សាយថា ពុត ឆាយ គឺជាមនុស្សពាលាអាវាសែ គិតតែលេងល្បែងស៊ីសង ជល់មាន់ និងលួចប្លន់តែប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ១៩៣៤ ពុត ឆាយ ត្រូវអាជ្ញាធរចាប់ដាក់គុករយៈពេល១ខែ ពីបទលួច។ បន្ទាប់មកទៀត នៅក្នុងឆ្នាំ១៩៤៤ ត្រូវជាប់ឃុំក្នុងជំរុំប្រមូលផ្ដុំរយៈពេលមួយឆ្នាំ ពីបទលេងល្បែងស៊ីសង ។
នៅក្នុងខែកញ្ញា ឆ្នាំ១៩៤៨ ពុត ឆាយ ក៏ប្រមូលបក្សពួកបង្កើតជាចលនាខ្មែរឥស្សរៈដែលមានកងទ័ពមួយក្រុមតូចប៉ុណ្ណោះ។ មួយខែក្រោយមក គឺនៅក្នុងខែតុលា ឆ្នាំដដែលនោះ ពុត ឆាយ បានដឹកនាំកម្លាំងពួនស្ទាក់បាញ់សម្លាប់កងរក្សាសន្តិសុខខ្មែរ និងប៉ូលិសបារាំងចំនួន៤នាក់។ ក្រោយហេតុការណ៍បាញ់សម្លាប់នោះ អាជ្ញាធរបារាំង ក៏បានប្រកាសផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន១ម៉ឺនរៀល ចំពោះជនណាដែលចាប់បាន ពុត ឆាយ យកមកប្រគល់ឱ្យអាជ្ញាធរ ។ ពេលនោះហើយដែលធ្វើឱ្យឈ្មោះរបស់ពុត ឆាយ កាន់តែល្បីរន្ទឺខ្លាំងឡើងៗ។

អៀវ កើស
អៀវ កើស

នៅក្នុងខែសីហា ឆ្នាំ១៩៤៨ មាននាយទាហានថ្នាក់អនុសេនីយ៍ម្នាក់ឈ្មោះ ហូ ធិញ ក៏បានរត់ចោលជួរទាហានបារាំង ជាមួយកូនទាហាន៤នាក់ទៀត ទៅចូលរួមជាមួយចលនាតស៊ូខ្មែរឥស្សរៈសឺង ង៉ុកមិញ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយគាត់ត្រូវបានអនុញ្ញាតឱ្យបម្រើការងារក្នុងទីតាំងឈរជើងរបស់កងទ័ពវៀតមិញ នៅភ្នំដំរីរមៀល។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៤៩ តាមរបាយការណ៍សម្ងាត់មួយរបស់បារាំង បានឲ្យដឹងថា ឈ្មោះជា កែវ ជាអតីតម្ចាស់ផ្សារឯកជនមួយនៅទីក្រុងភ្នំពេញ ដែលចេះនិយាយ៥ភាសា គឺ៖ ខ្មែរ វៀតណាម បារាំង ថៃ និងលាវ បានក្លាយទៅជាមេទ័ពឥស្សរៈខ្មែរ-វៀតមិញ ដ៏ល្បីល្បាញម្នាក់ដែរ។ ជា កែវ នេះជាសិស្សគណរបស់ព្រះសង្ឃពុទ្ធសាសនាវៀតណាមមួយអង្គ ព្រះនាម តាយ ណាម គង់នៅល្អាងភ្នំញ៉ាបាង ស្រុកចូវ ដុក ខេត្តមាត់ជ្រូក ដែលល្បីថាចេះមន្តអាគមខ្លាំងពូកែ និងចេះបំបាំងខ្លួនផងនោះ មានព្រះជន្មរហូតដល់១០០វស្សា ទើបសុគត។ ចំណែក ជា កែវ ជាសិស្សគណ ក៏ល្បីថាខ្លាំងពូកែខាងមន្តអាគមនេះដែរ ក៏ត្រូវបានប្រជារាស្រ្តខ្មែរ និងវៀតណាម ដែលជាអ្នកកាន់ព្រះពុទ្ធសាសនានៅខេត្តកណ្ដាល និងខេត្តតាកែវ នាំគ្នាជឿជាក់ និងគោរពកោតខ្លាច ។
ដោយសារល្បីថា ជា កែវ នេះចេះមន្តអាគមខ្លាំងពូកែ ក៏មានអ្នកស្រុកជាច្រើនបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពគាត់ ហើយមេដឹកនាំវៀតមិញ បានផ្ដល់ជំនួយជាគ្រឿងអាវុធមួយចំនួនដល់កងទ័ពរបស់គាត់ ហើយអាវុធមួយចំនួនទៀត គឺគាត់ជាអ្នករកលុយទិញដោយខ្លួនឯង ។
តាមរបាយការណ៍របស់កម្លាំងសម្ងាត់បារាំង បានឲ្យដឹងថា ក្រោយមក ជា កែវ បានបង្កើតកងទ័ពរបស់គាត់នៅក្នុងស្រុកចំនួន៧ ក្នុងខេត្តកណ្ដាល និងប៉ែកខាងលិចនៃតាកែវ ដែលមានកម្លាំងសរុបប្រមាណ២៥០០នាក់ (មានតែចំនួនមនុស្ស តែអាវុធមានតិចតួច) ក្នុងនោះមានកងទ័ពពិសេសប្រដាប់ដោយអាវុធទំនើបៗចំនួន៤០នាក់ ជាអ្នកកហែហមការពារគាត់ផងដែរ។

ជា កែវ បានបែងចែកកងទ័ពគាត់ជាក្រុមតូចៗមានគ្នាពី១០ទៅ១៥នាក់ ដោយខ្លះមានភារកិច្ចតាមដានសកម្មភាពពួករាជការនៅតាមឃុំ ស្រុក ខ្លះជាអ្នកស៊ើបការណ៍ពីកងទ័ព និងអាជ្ញាធរខ្មែរ-បារាំង និងខ្លះទៀតជាអ្នកដើររៃអង្គាស និងទារពន្ធប្រជារាស្រ្តនៅតាមភូមិស្រុកនានា។
នៅក្នុងខេត្តតាកែវ ដែលជាទូទៅប្រជារាស្រ្តមានជីវភាពក្រីក្រ ជា កែវ តម្រូវអោយទារពន្ធពីប្រជារាស្រ្តក្នុងមួយខ្នងផ្ទះ ចំនួន៦រៀល។ ចំណែកនៅក្នុងខេត្តកណ្ដាល ដែលប្រជារាស្រ្តភាគច្រើនមានជីវភាពធូរធារបន្តិច ជា កែវ តម្រូវអោយបង់ពន្ធក្នុងមួយខ្នងផ្ទះ ពី១២ ទៅដល់១០០រៀល ឯណោះ គឺអាស្រ័យលើការពិនិត្យឃើញមាន ឬក្រ ជាក់ស្ដែង ។
ខុសគ្នាពីនៅខេត្តព្រៃវែង មេដឹកនាំខ្មែរឥស្សរៈវៀតមិញ ទូ សាមុត និងអនុប្រធានរបស់គាត់ម្នាក់ទៀតជាជនជាតិវៀតណាម បានទារពន្ធជាមធ្យមតែចំនួន៤រៀល ក្នុងមួយខ្នងផ្ទះ ។
របាយការណ៍សម្ងាត់របស់បារាំងមួយផ្សេងទៀត បានឲ្យដឹងថា អតីតពលបាលនៅក្នុងជួរកងទ័ពរាជការខ្មែរ-បារាំង ម្នាក់ឈ្មោះ ណុប ប៉ែន ក៏បានរត់ចោលជួរទៅចុះចូលជាមួយពួកវៀតមិញ និងបានប្រមែប្រមូលអ្នកស្រុកនៅខេត្តកំពត និងភាគខាងត្បូងនៃខេត្តតាកែវ បង្កើតជាកងទ័ពប្រដាប់ដោយអាវុធគ្រប់ដៃ បានចំនួន១០០នាក់។
ក្រៅពីណុប ប៉ែន ក៏មានមេខ្មែរឥស្សរៈ២នាក់ទៀតគឺ មាស វង្ស ជាខ្មែរកម្ពុជាក្រោម និង ញ៉ែម ស៊ុន ក៏បាននាំកម្លាំងរៀងៗខ្លួន ទៅចូលរួមជាមួយពួកវៀតមិញដែរ។ ចំណែកនៅខេត្តកំពង់ស្ពឺ ក៏មានកងទ័ពខ្មែរឥស្សរៈប្រមាណ៨០០នាក់ ដឹកនាំបញ្ជាដោយហូ ធិញ ផងដែរ។ នៅដើមឆ្នាំ១៩៤៩ គណៈកម្មាធិការរំដោះប្រជាជនខ្មែរ(KPLC) ឬគណៈជាតិមុត្តៈគាហៈមជ្ឈឹមនគរខ្មែរ បានប្ដូរឈ្មោះមកជា “គណៈកម្មាធិការរំដោះជាតិខ្មែរ ( Khmer National Liberation Committee ហៅកាត់ថា KNLC ) ឬគណៈកម្មាធិការខ្មែរកសាងជាតិ” វិញ។ គណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC)នេះ មានសមាជិក៧រូប ដោយដាប ឈួន នៅតែជាប្រធានគណៈកម្មាធិការនេះ ។ ឯ កែវ តក់ ត្រូវបានតែងតាំងជាអនុប្រធាន ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)