ភ្នំពេញៈ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ម៉ូ​ន ជេ​អ៊ី​ន បានប្រកាស​ផ្តល់ជំនួយ​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​ជូន​កម្ពុជា បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​សុំ​ឲ្យ​ភាគី​កូរ៉េ​ជួយ ដែល​វា​ជា​និមិត្តរូប​នៃ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​វ៉ា ស៊ីម​សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩ វិច្ឆិកា​នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កូរ៉េ​លើក​ទី២ ដែល​ប្រា​រព​ធ្វើតាម​អន​ឡាញ​នៅ​ប្រទេស​វៀតណាម​ថា ភាគី​កូរ៉េ​នឹង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​ជូន​កម្ពុជា។

លោក​បន្តថា “ទោះជា​យ៉ាងណា​ខ្ញុំ​មិនអាច​បញ្ជាក់ថា ស្ពាន​នេះ​បាន​សិក្សា​ចប់​ឬ​នៅ​នោះទេ ព្រោះ​កន្លងមក​ភាគី​កូរ៉េ​មិន​ឲ្យ​យើង​និយាយ​ទេ ប៉ុន្តែ​ស្រាប់តែ​ប្រធានាធិបតី​កូរ៉េ​និយាយ​បែបនេះ​ក្នុង​កិច្ចប្រជុំ​ខាងលើ” ។ លោក​បន្តថា “កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា

បានស្នើ​ភាគី​កូរ៉េ​ជួយ​សិក្សា និង​សាងសង់​ស្ពាន​ចេញពី​កំពង់ ដ នៅ​តំបន់​ជ្រោយចង្វារ​ទៅកាន់​តំបន់​ស្វាយជ្រុំ ប៉ុន្តែ​ភាគី​កូរ៉េ​សិក្សា​ចប់​ឬ​នៅ មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ” ។
សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កំឡុង​ដំនើរ​ទស្សនកិច្ច​នៅ​សាធារណៈរដ្ឋ​កូរ៉េ កាលពី​ឆ្នាំ២០១៩បានស្នើ​សុំ​លោក​ម៉ូ​ន ជេ​អ៊ី​ន ជួយផ្តល់​ជំនួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​ជួយ​ដល់​កម្ពុជា ដើម្បី​ជា​និម្មិត​រូប​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ខណៈ​មិត្ត​ចិន និង​ជប៉ុន​បាន​ជួយ​សាងសង់​ស្ពាន​មិត្តភាព​ដល់​កម្ពុជា​រួចហើយ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្វាយជ្រុំ និង​ទឹកដី​អរិយ​ក្សត្រ​តែងតែ ទន្ទឹងរង់ចាំ​វត្តមាន​ស្ពាន​ថ្មី​ត​ភ្ជាប់​ទៅ​តំបន់​ពួកគេជារឿយៗ ហេតុនេះ​យើង​សង្ឃឹមថា ភាគី​កូរ៉េ​នឹង​ជួយ​សាងសង់​ស្ពាន​សំរាប់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នាពេលឆាប់ៗខាងមុខនេះ៕