រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីករដ៏ល្បីឈ្មោះ គឺលោក ភោ សុផានិត ត្រូវចៅក្រមសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញហើយ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីដាក់ប្រាក់តម្កល់ធានាសំណង។

សូមបញ្ជាក់ថា អតីត ពិធីករ ភោ សុផានិត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនកាលវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អតីតពិធីករដ៏ល្បីឈ្មោះរូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញសែកគ្មានប្រាក់ ឲ្យម្ចាស់បំណុល) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០«ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា ជនសង្ស័យឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕