ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយមក ដាប ឈួន ក៏រត់ចោលជួរកងទ័ពសៀម នៅម្ដុំស្វាយចេកនោះ ហើយទៅចូលរួមជាមួយខ្មែរឥស្សរៈនៅឯអន្លង់វិលវិញ។ ពេលទៅដល់អន្លង់វិល ដាប ឈួន លុតក្រាបសំពះមេដឹកនាំខ្មែរឥស្សរៈទាំងអស់នៅទីនោះគ្រប់ៗគ្នា សូម្បីតែ ប៉ុណ្ណា ចន្ទម៉ុល ដែលទើបតែទៅចូលរួមដឹកនាំការតស៊ូក្រោយគេ ដោយសារតែឥទ្ធិពលរបស់ឪពុកមាឈ្មោះ ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅត្រឡាច ជាមេដឹកនាំរបស់ចលនាខ្មែរឥស្សរៈ នៅភាគខាងលិចប្រទេសនោះ ក៏ដាប ឈួន លូនសំពះពីចម្ងាយនិយាយអង្វរថា ខ្ញុំសុំបម្រើបក្សលោកម្ចាស់ផង! ខ្ញុំសន្យាថា នឹងបម្រើលោកម្ចាស់ដោយចិត្តស្មោះត្រង់បំផុត ឲ្យខ្ញុំស្បថជូនលោកម្ចាស់ ក៏ស្បថដែរ មិនក្បត់លោកម្ចាស់ទេ ។

ផ្សារនៅទីរួមខេត្តសៀមរាបសម័យអាណានិគមបារាំង
ផ្សារនៅទីរួមខេត្តសៀមរាបសម័យអាណានិគមបារាំង

លោកប៉ុណ្ណ ចន្ទម៉ុល ក៏មិនចង់ឲ្យ ដាប ឈួន ដាក់ខ្លួនទាបពេកដូច្នេះដែរ។ គាត់បានឲ្យ ដាប ឈួន ងើបឡើង កុំលុតក្រាបបែបនេះទៀត រួចគាត់និយាយថា “សូមលោកកុំចាត់ទុក ខ្ញុំជាអ្នកធំអី សូមចាត់ទុកខ្ញុំជាមិត្តម្នាក់បានហើយ។ លោកមកចូលរួមនេះ ខ្ញុំត្រេកអរពេកហើយ ព្រោះយើងនឹងបានរួមគ្នាធ្វើការតស៊ូតទៅមុខទៀត។ ឯកាស្មោះត្រង់របស់លោកនេះ ខ្ញុំត្រេកអរណាស់ទៀត ព្រោះក្រុមយើងត្រូវការអ្នកដែលមានទឹកចិត្តបែបនេះ។ យើងអត់ឃ្លាន មានក្រយ៉ាងណាគឺដូចៗគ្នា សូមលោកថយទៅនៅនឹងគ្នីគ្នាខ្ញុំចុះ”។
ពេលនោះ ដាប ឈួន បន្ទប់ខ្លួនសំពះ ប៉ុណ្ណា ចន្ទម៉ុល សម្ដែងការគោរពស្ទើរតែបាក់ឆ្អឹងខ្នងថយក្រោយវិញ។

មន្រ្តីខ្មែរនិងក្រុមគ្រួសារនៅខេត្តសៀមរាបសម័យអាណានិគមបារាំង
មន្រ្តីខ្មែរនិងក្រុមគ្រួសារនៅខេត្តសៀមរាបសម័យអាណានិគមបារាំង

នៅពេលចូលរួមដឹកនាំចលនាតស៊ូខ្មែរឥស្សរៈនៅខេត្តបាត់ដំបងនោះ ប៉ុណ្ណា ចន្ទម៉ុល មិនសប្បាយចិត្តចំពោះការចោទប្រកាន់ខ្មែរគ្នាឯងថាជាគិញ ឬជាខ្ញុំកញ្ជះបារាំង ហើយចាប់យកមកសម្លាប់ ធ្វើបាបដោយគ្មានភស្តុតាងអ្វីបន្តិចសោះឡើយនោះទេ ហើយគាត់ក៏បានអប់រំដល់អ្នកតស៊ូមួយចំនួន កុំឱ្យជឿលើមន្តអាគមបាញ់មិនចេញ កាប់មិនមុតដុតមិនឆេះ ខ្សែគាថា ខ្សែចង្កេះ កន្សែងយ័ន ចែកាច់ នោះផងដែរ ។
ក្នុងខែមិថុនា ឆ្នាំ១៩៤៦នោះដែរ មេដឹកនាំចលនាតស៊ូក្នុងខេត្តបាត់ដំបង បានដើររៃអង្គាសលុយកាក់ពីប្រជាជន បានចំណូលប្រមាណ១៥០ ០០០រៀល យកទៅប្រគល់ឱ្យ ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅត្រឡាច មេចលនាខ្មែរឥស្សរៈដែលកំពុងស្នាក់នៅបាងកក ប្រទេសថៃ ហើយ ប៉ុក គុណ ទិញបានកាំភ្លើង១៥០ដើម ព្រមទាំងគ្រាប់រំសេវ និងគ្រាប់បែកដៃមួយចំនួនទៀត មកបំពាក់បន្ថែមឲ្យកងទ័ពឥស្សរៈនៅខេត្តបាត់ដំបង ដែលមានចំនួនប្រមាណជាង៤០០នាក់។

សណ្ឋាគារ Grand Hotel នៅក្រុងសៀមរាប កសាងក្នុងឆ្នាំ ១៩៣៣
សណ្ឋាគារ Grand Hotel នៅក្រុងសៀមរាប កសាងក្នុងឆ្នាំ ១៩៣៣

ក្នុងខែសីហា ឆ្នាំ១៩៤៦ ក្រោយពីប្រជុំដើម្បីបើកការវាយប្រហារក្រុងសៀមរាប និងបានឯកភាពគ្នារួចមក កងទ័ពឥស្សរៈដែលនៅអន្លង់វិលទាំងអស់ ខ្លះត្រូវចេញដំណើរកាត់តាមព្រៃ ខ្លះទៀតធ្វើដំណើរតាមផ្លូវជាតិ កាត់ទីប្រជុំជនសេរីសោភ័ណ (កាលនោះសៀម ឱ្យឈ្មោះថា ស៊ីសុផុន)។ កក្រោយធ្វើដំណើរអស់រយៈពេល៥ថ្ងៃ ទើបទៅដល់ត្រង់ស្ពានមួយចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីរួមស្រុកក្រឡាញ់។ ចំណុចស្ពាននោះ គឺជាព្រំប្រទល់ជាប់ប្រទេសខ្មែរ-សៀម កាលសម័យនោះ ហែម សាវ៉ាង និងម៉ៅ សារួត បានលាតផ្ទាំងផែនទី មកពិនិត្យនិ ងបែងចែកកម្លាំង ដើម្បីធ្វើការវាយប្រហារទៅលើសាលាស្រុកថ្មពួក និងកម្លាំងប្រមាណជាង៣០០នាក់ទៀត ត្រូវចេញដំណើរទៅវាយប្រហារទីរួមខេត្តសៀមរាប ដោយកាត់តាមផ្លូវបារាយណ៍ និងចែកចេញជា៥មុខព្រួញ គឺ៖ មុខព្រួញទី១ វាយសាលាខេត្ត ដែលមានមន្រ្តីបារាំងនៅទីនោះ ។ មុខព្រួញទី២ វាយបន្ទាយទាហានជើងខ្មៅ ។ មុខព្រួញទី៣ វាយប៉ុស្តិ៍ខ្សែលួស(វិទ្យុទាក់ទង)។ មុខព្រួញទី៤ វាយពន្ធនាគារ រំដោះអ្នកទោស និងមុខព្រួញទី៥ វាយផ្ទះមេគិញ មេគយ និងប៉ូលិសខេត្ត ។
ពេលនោះក្រុមស៊ើបការណ៍របស់ពួកខ្មែរឥស្សរៈ បានឱ្យដឹងថា នៅក្នុងទីរួមខេត្តសៀមរាប មាននាយទាហានបារាំងប្រហែល២៥នាក់ សម្រាកនៅសណ្ឋាគារខេត្ត។

មន្រ្តីខ្មែរនិងកូនៗនៅខេត្តសៀមរាបសម័យអាណានិគមបារាំង

កណ្ដាលអធ្រាត្រថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៤៦ កងទ័ពឥស្សរៈទាំង៥មុខព្រួញ ក៏បានលបចូលទៅក្នុងក្រុងសៀមរាប ទៅតាមមុខព្រួញនីមួយៗ ដូចផែនការដែលបានគ្រោងទុក។ មុខព្រួញទី១ នៅតែប្រមាណ២គីឡូម៉ែត្រទៀត នឹងចូលទៅដល់សណ្ឋាគារខេត្តនោះ ស្រាប់តែលាន់សន្ធឹករថពាសដែករាជការខ្មែរ-បារាំង ចេញល្បាតក្នុងក្រុងដូចសព្វដង ចំព្រួញទី១ ។ មេបញ្ជាការមុខព្រួញទី១ បញ្ជាឱ្យកូនចៅក្រាបសង្ងំនៅឲ្យស្ងៀម ដើម្បីកុំឱ្យបែកការណ៍ ព្រោះមិនទាន់ដល់គោលដៅនៅឡើយ ។ ប៉ុន្តែពេលនោះ មានកងទ័ពឥស្សរៈម្នាក់ឈ្មោះម៉ែន ពេលឃើញរថពាសដែកនោះចូលមកជិតដល់ ក៏បានបាញ់រះប្រ៉ាវ បណ្ដាលឱ្យរថពាសដែកនោះបាញ់តវិញ រួចត្រឡប់ចូលបន្ទាយប្រកាសអាសន្ន ផ្អើលពេញក្រុងសៀមរាប តែម្ដង។
ពួកមេខ្មែរឥស្សរៈនៅទីព្រួញទី១នោះ សង្ស័យថាជាកូនចៅរបស់ខ្លួនឈ្មោះ ម៉ែន នោះ ជាភ្នាក់ងារផ្ទៃក្នុងរបស់បារាំងផងដែរ ព្រោះមិនគោរពតាមបញ្ជារបស់ពួកគេ ដែលបានហាមដាច់ខាតថាមិនអោយបាញ់រថពាសដែកនោះ ដែលនាំអោយបែកការណ៍សម្ងាត់ មុនកាលកំណត់នៃការផ្ទុះអាវុធ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏កម្លាំង៤មុខព្រួញទៀត បានធ្វើការវាយលុកតាមមុខសញ្ញារៀងៗខ្លួនប្រកបដោយជោគជ័យ ពិសេសមុខព្រួញដែលវាយបន្ទាយទាហានជើងខ្មៅ និងមុខព្រួញវាយពន្ធនាគារ ទទួលបានជោគជ័យគួរឱ្យកោតសរសើរ។

ក្រោយពេលបែកការណ៍ មុខព្រួញទី១ក៏បានបាញ់សម្រុកតាមក្រោយរថពាសដែកដែលវិលចូលទៅបន្ទាយទាហានវិញនោះ ទៅដល់សណ្ឋាគារខេត្ត ហើយចាប់ផ្ដើមបាញ់រះសំដៅទៅលើបន្ទប់ទាំងឡាយនៃសណ្ឋាគារនោះពីចម្ងាយ តែត្រូវបានពួកនាយទាហានបារាំង ដែលមានតាំងពីស័ក្ដិ២ ដល់ស័ក្ដិ៥ ស្នាក់នៅទីនោះបាញ់តបតវិញ។
លុះដល់ព្រឹកស្រាងៗ ព្រឹកថ្ងៃទី៨ ខែសីហា ពេលកងទ័ពខ្មែរឥស្សរៈកំពុងនាំគ្នាដើរប្រមូលកាំភ្លើង ដែលពួកទាហានរាជការខ្មែរ-បារាំង រត់ចោលទាំងអស់ បានជាង១០០ដើម ស្រាប់តែកងទ័ពបារាំង ចាប់ផ្ដើមធ្វើការវាយបកពីក្រៅក្រុងមកវិញ ជាទ្រង់ទ្រាយធំ។ ដោយដឹងច្បាស់ថា មិនអាចទប់ទល់នឹងទាហានបារាំង បាន កងទ័ពខ្មែរឥស្សរៈ ក៏បង្ខំចិត្តដកថយតាមក្បួនយុទ្ធសាស្រ្ត ពីក្រុងសៀមរាប ឆ្ពោះទៅកាន់ទិសខាងជើង តាមផ្លូវទៅអង្គរវត្ត ដោយនាំយកអ្នករបួសស្រាលៗទៅជាមួយផង។ ឯអ្នករងរបួសធ្ងន់ ត្រូវសែងយកទៅទុកចោលនៅមុខគិលានដ្ឋានក្រុង ។
ឯពួកទាហានបារាំង ក៏បានដេញតាមបាញ់រះ រហូតដល់ប្រាសាទអង្គរវត្ត ទើបកងទ័ពខ្មែរឥស្សរៈ បំបែកផ្លូវគ្នាបង្វែងដានទាហានបារាំង ដោយណាត់ជួបគ្នានៅកំពង់ថ្កូវ រួចបន្តដំណើរទៅដល់ជួរភ្នំដងរែក ទើបបំបែកគ្នាជា៣ក្រុម គឺក្រុមទី១ ដឹកនាំដោយដាប ឈួន, ក្រុមទី២ ដឹកនាំដោយហែម សាវ៉ាង និងមៅ សារួត និងក្រុមទី៣ ដឹកនាំដោយមេខ្មែរឥស្សរៈម្នាក់ទៀត ទៅបោះទីតាំងនៅតំបន់ផ្សេងៗរៀងៗខ្លួន ។

ចំណែកនៅសាលាស្រុកពួក វិញ នៅយប់ថ្ងៃទី៧ ខែសីហានោះ កងទ័ពឥស្សរៈក៏បានធ្វើការវាយប្រហារដែរ ប៉ុន្តែមិនធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងប៉ុន្មានដូចការវាយប្រហារនៅទីរួមខេត្តសៀមរាបនោះទេ ហើយក្រោយកងទ័ពឥស្សរៈដកថយពីសាលាស្រុកនោះ ពួកបារាំងបានចាប់គ្រូបង្រៀន និងមន្រ្តីសាលាស្រុកមួយចំនួនដែលនៅជុំគ្នាស៊ីផឹកជប់លៀងនៅក្នុងសាលាស្រុកកាលពីយប់នោះ ទៅវាយសួរចម្លើយ និងសម្លាប់ចោល ដោយចោទប្រកាន់ថា អ្នកទាំងអស់នោះជារនុកក្នុងរបស់ពួកឥស្សរៈទៅវិញ ។
ចំពោះកងទ័ពឥស្សរៈដែលរងរបួសធ្ងន់នៅក្នុងការវាយប្រយុទ្ធនៅក្រុងសៀមរាប កាលពីយប់ថ្ងៃទី៧ ខែសីហា ដែលពួកគេសែងយកទៅទុកចោលនៅមុខគិលានដ្ឋានក្រុងនោះ សង្ឃឹមថា គ្រូពេទ្យនៅទីនោះ នឹងជួយព្យាបាលមុខរបួសក្នុងន័យមនុស្សធម៌ ក៏ត្រូវពួកបារាំង យកទៅបាញ់សម្លាប់ចោលទាំងអស់ដែរ ដោយពួកបារាំងមិនអនុញ្ញាតឲ្យគ្រូពេទ្យនៅទីនោះ សង្គ្រោះជីវិតពួកគេឡើយ។ (នៅមានត…)