ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ក្រោយពីបារាំង វិលត្រឡប់មកកាន់កាប់ប្រទេសកម្ពុជាវិញសារជាថ្មីម្ដងទៀត ចលនាតស៊ូដែលហៅថា ខ្មែរឥស្សរៈជាច្រើនត្រូវបានបង្កើតឡើង ស្ទើរតែឈាមពេញប្រទេស ដោយមានការកាន់កាប់គ្រប់គ្រងតាមតំបន់រៀងៗខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនិងបារាំង ។ តែពួកឥស្សរៈខ្លះបានធ្វើសកម្មភាពធ្វើបាប ឆក់ប្លន់ បាញ់សម្លាប់ប្រជារាស្រ្តយ៉ាងព្រៃផ្សៃបំផុត ក៏មានដែរ។

នៅដើមឆ្នាំ១៩៤៦ ជាការរួមចំណែកប្រឆាំងនឹងបារាំង ដែលវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិន ជាថ្មីម្ដងទៀតនោះ រដ្ឋាភិបាលសៀមដែលមាន ព្រីឌី ផាណុំយ៉ុង ជាប្រមុខ បានអនុញ្ញាតឲ្យរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម របស់ហូ ជីមិញ មកតាំងស្ថានបេសកកម្មការទូតនៅទីក្រុងបាងកក ដោយមាន ចិន វិនហ្សូវ ជាកម្មាភិបាលជាន់ខ្ពស់ម្នាក់របស់បក្សកុម្មុយនិស្តឥណ្ឌូចិន ជាតំណាង។

នៅក្នុងឆ្នាំ១៩៤៦ មេខ្មែរឥស្សរៈម្នាក់ ឈ្មោះសឺន ស៊ីចាន់ ដែលមានដើមកំណើតនៅកូសាំងស៊ីន ជាចៅ្វហ្វាយស្រុកពាមជីកង ខេត្តកំពង់ចាម បានអូសទាញ ណី សារ៉ាន់ (ម៉ែន សាន ហៅយ៉ា ហៅស៊ាំ) ជាស្មៀនឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង និងកែវ មាស ដែលជាសិស្សសាលាគរុកោសល្យ នៅទីក្រុងភ្នំពេញ ឲ្យចូលរួមក្នុងចលនាតស៊ូប្រឆាំងបារាំងរបស់ខ្លួន។ បន្ទាប់មកទៀត ក៏បានអូសទាញពលបាលទោម្នាក់ឈ្មោះញ៉ែម ស៊ុន ជាទាហាននៅក្នុងជួរកងទ័ពបារាំង ឲ្យមកចូលរួមជាមួយដែរ។

នៅដើមឆ្នាំ១៩៤៦ ជាការចូលរួមចំណែកប្រឆាំងនឹងបារាំង ដែលវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិន ជាថ្មីម្ដងទៀតនោះ រដ្ឋាភិបាលសៀមដែកមានលោក ព្រីឌ ផាណុំយ៉ុង ជាប្រមុខក៏បានអនុញ្ញាតឲ្យរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម របស់លោក ហូជីមិញ មកតាំងស្ថានបេសកកម្មទូត នៅទីក្រុងបាងកក ដោយមានចិន វ៉ិនហ្យូវ ជាតំណាង។

ចំណែកសឺង ង៉ុកមិញ និងទូ សាមុត ដែលជាអតីតព្រះសង្ឃនៅទីក្រុងភ្នំពេញ ក៏បានឃោសនាឱ្យបងប្អូនខ្មែរនៅកូសាំងស៊ីន រួបរួមសាមគ្គីគ្នាជាមួយខ្មែរនៅភាគកណ្ដាល ចូលរួមធ្វើការតស៊ូប្រឆាំងនិងពួកអាណានិគមនិយមបារាំង ដែរ។

ដោយសារទទួលបានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងលុយកាក់ពីសំណាក់មេដឹកនាំវៀតមិញ ដែលមកបោះទីតាំងនៅលើទឹកដីកម្ពុជានោះ សឺង ង៉ុកមិញ ហៅអាចារ្យមៀន បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីទៅទិញគ្រឿងអាវុធមួយចំនួន យកមកបំពាក់ឱ្យកងកម្លាំងរបស់ខ្លួនបន្ថែមទៀត។ នៅក្នុងប្រទេសថៃនោះហើយ ដែលសឹង ង៉ុកមិញ ហៅអាចារ្យមៀន បានសម្រេចចិត្តចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន តាមរយៈ ចិន វ៉ិនហ្សូវ ជាតំណាងរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងជាតំណាងបក្សកុម្មុយនិសឥណ្ឌូចិន នៅក្រុងបាងកកនោះ ក្នុងខែតុលា ឆ្នាំ១៩៤៥ ហើយបានទាក់ទងជាមួយ ម៉ី ផូ ជាអ្នកចូលរួមធ្វើរដ្ឋប្រហារនៅក្នុងព្រះបរមរាជវាំង មិនបានសម្រេចកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ដែលបានរត់គេចខ្លួនមកធ្វើការតស៊ូនៅក្នុងព្រៃ ព្រមទាំងមេដឹកនាំខ្មែរឥស្សរៈផ្សេងៗជាច្រើននាក់ទៀត។ ដោយមានជំនួយពីពួកដឹកនាំវៀតមិញ ដែលបោះទីតាំងកងទ័ពនៅប៉ែកខាងលិចប្រទេស សឺង ង៉ុកមិញ និង ម៉ី ផូបានធ្វើសកម្មភាពជ្រើសរើសកម្លាំងទ័ពជាច្រើនបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង និងសៀមរាប ដែលពេលនោះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមនៅឡើយ ដើម្បីបញ្ចូលទៅក្នុងអង្គភាពចម្រុះខ្មែរ-វៀតមិញ ដែលបានបង្កើតឡើងនៅក្នុងខេត្តបាត់ដំបង តាំងពីខែមិថុនា ឆ្នាំ១៩៤៦នោះមកម៉្លេះ។

អង្គភាពកងទ័ពចម្រុះខ្មែរ-វៀតមិញនោះ ក៏មានមេបញ្ជាការចម្រុះគ្នាដែរ គឺខ្មែរផង និងពួកវៀតមិញផង ។ នៅខេត្តបាត់ដំបង អតីតអ្នកចូលរួមធ្វើរដ្ឋប្រហារ ថ្ងៃទី០៩ សីហា ឆ្នាំ១៩៤៥ ម្នាក់ទៀតឈ្មោះ នេត លាងសាយ ក៏មានតួនាទីជាប្រធាននយោបាយរបស់ចលនាខ្មែរឥស្សរៈនៅទីនោះដែរ។

ក្រោយពីបារាំង ចាប់នាយករដ្ឋមន្រ្តីសឹង ង៉ុកថាញ់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៥ បញ្ជូនទៅប្រទេសបារាំង មក លោកប៊ុណ្ណ ចន្ទម៉ុល ដែលជាសហការីដ៏ជិតស្និទ្ធម្នាក់ និងជាអតីតអ្នកទោសនៅក្នុងគុកកោះត្រឡាច ដែរនោះ មានការភ័យខ្លាចបារាំង ចាប់យកទៅដាក់គុកជាថ្មីម្ដងទៀត ក៏មានគម្រោងរត់គេចខ្លួនទៅខេត្តបាត់ដំបង ដែលសៀមកំពុងគ្រប់គ្រងកាន់កាប់ ដើម្បីធ្វើការតស៊ូបន្តទៀត។ ប៉ុន្តែដំបូង គាត់បានធ្វើដំណើរដោយជិះកង់ និងជិះកប៉ាល់ពីភ្នំពេញ ទៅផ្ទះបងប្រុសគាត់ម្នាក់ឈ្មោះប៊ុណ្ណ ចន្ទថាត់ នៅឯទន្លេបិទ សម្រាកមួយយប់ ។លុះព្រឹកឡើងបងប្រុសគាត់ឈ្មោះប៊ុណ្ណ ចន្ទថាត់ បានជូនដំណើរគាត់ឆ្លងមកទីរួមខេត្តកំពង់ចាម ដើម្បីទៅជួបប្អូនប្រុសឈ្មោះ លូ ប្អូនស្រីឈ្មោះ ប៉ុង ង៉ា និងក្មួយៗឈ្មោះ ជួន ជឿ , ជួន មុំ និង ជួន ប្រសិទ្ធ ដែលជិះរថយន្តស៊ីត្រូអេនមួយគ្រឿង ពីក្រុងភ្នំពេញ មកទទួលគាត់ ដើម្បីជូនដំណើរគាត់បន្តទៅខេត្តពោធិ៍សាត់ ដោយលើកកង់ដាក់នៅឃ្លុបខាងក្រោយ ហើយរថយន្តបើកត្រឡប់មកកំពង់ចម្លងព្រែកក្ដាម រួចបន្តដំណើរតាមផ្លូវជាតិលេខ៥ កាត់ខេត្តកំពង់ឆ្នាំង រហូតហួសផ្លូវសាលាស្រុកត្រពាំងជង ខេត្តពោធិ៍សាត់ ចម្ងាយ៧គីឡូម៉ែត្រ ជាកន្លែងស្ងាត់ត្រង់ព្រំប្រទល់ស្រុកស្វាយដូនកែវ ខេត្តបាត់ដំបង ជាព្រំប្រទល់ទឹកដី ដែលសៀមកាន់កាប់ ទើបឈបើរថយន្ត ។

ប៉ុណ្ណ ចន្ទម៉ុល ចុះពីលើរថយន្ត ដាក់កង់ចុះ ហើយលាប្អូនៗ និងក្មួយៗគាត់ទាំងអាឡោះអាល័យ រួចជិះកង់នោះ រកផ្លូវវាងចូលទៅកាន់ខេត្តបាត់ដំបង ដើម្បីស្វែងរកឪពុកមាម្នាក់ ឈ្មោះ ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅតាត្រឡាច ជាមេដឹកនាំចលនាខ្មែរឥស្សរៈប្រឆាំងនឹងបារាំង ដ៏ល្បីល្បាញបំផុត តាំងពីឆ្នាំ១៩៤០ មក ។ ពេលទៅស្នាក់នៅជាមួយឪពុកមា ប៉ុក គុណ (ឬ ប៉ុក ផល្គុណ) ហៅត្រឡាច នៅក្រុងបាត់ដំបង មិនយូរប៉ុន្មាន ប៉ុណ្ណ ចន្ទម៉ុល ក៏បានសម្រេចចិត្ត ចូលរួមក្នុងចលនាតស៊ូនៅខេត្តបាត់ដំបងនោះ ជាមួយ ម៉ី ភូរិន្ទ ,ហែម សាវ៉ាង, ហែម សាវ៉ាត, ម៉ី ផូ , ព្រះអង្គម្ចាស់នរោត្តម ចន្ទរង្សី , រស់ យឿន និង ងុក សាន ….ជាដើម ដើម្បីតស៊ូប្រឆាំងនិងបារាំង បន្តទៀត ។

ចំណែក ដាប ឈួន វិញ កាលពីដើមឡើយ ជាប្រធានក្រុមរបស់ទាហានរាជការខ្មែរ-បារាំង ដែលច្បាំងជាមួយកងទ័ពសៀម។ ប៉ុន្តែក្រោយពីសៀម ចូលមកគ្រប់គ្រងខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៤១ សៀមបានប្រើល្បិចចូលលួងលោមដល់ពលទាហាន នាយទាហានរបស់រាជការខ្មែរ-បារាំង ឲ្យចូលបន្តកាងារនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយសន្យាផ្ដល់បុណ្យស័ក្ដឲ្យធំជាងកាលនៅក្នុងជួរទាហានរាជការខ្មែរ-បារាំង ទៅទៀត ។ ពេលនោះ ដាប ឈួន ដែលមានឋានន្តរស័ក្ដិជាពលបាល ក៏បានសម្រេចចិត្តចុះចូលជាមួយនឹងពួកសៀម នៅខេត្តបាត់ដំបង ហើយពួកសៀមបានស្វាគមន៍ ដាប ឈួន យ៉ាងរាក់ទាក់បំផុត និងសន្យាថានឹងដំឡើងឋានន្តរស័ក្ដឲ្យកាន់តែខ្ពស់ដល់ដាប ឈួន ទៀតផង ។

ក្រោយពី ដាប ឈួន ចុះចូលពួកសៀម គាត់បានឲ្យនាំកម្លាំងទៅបោះទីតាំងឈរជើងនៅភូមិមួយនៅម្ដុំស្វាយចេក ដែលសម័យនោះជាព្រំប្រទល់ខ្មែរ-សៀម។ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកសៀម មិនបានដំឡើងបុណ្យស័ក្តិឪ្យគាត់តាមពាក្យសន្យារបស់ខ្លួននោះ ធ្វើឱ្យ ដាប ឈួន មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង តែគាត់មិនហ៊ានរត់មកខាងរាជការខ្មែរ-បារាំងវិញទេ ព្រោះខ្លាចគេយកទោស ក៏សម្រេចចិត្តស៊ូទ្រាំរស់នៅបម្រើសៀមបន្តទៀត ទាំងបង្ខំចិត្ត។