ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ព្រលឹមស្រាងៗ នៅស្ថានីយអយស្ម័យយានក្រុងភ្នំពេញ មានមនុស្សប្រុសស្រីស្លៀកពាក់ខ្មៅប្រមាណ១០០នាក់ ឈរតម្រៀបគ្នាជាជួរនាំគ្នាទះដៃស្វាគមន៏សម្ដេចសីហនុ ពេលចុះពីលើរថយន្ត ដើម្បីចេញដំណើរតាមរថភ្លើងទៅកាន់តំបន់ប៉ែកខាងលិចប្រទេស។ ពេលនោះ ព្រះអង្គបានកត់សម្គាល់ថា ពួកនាក់ទះដៃស្វាគមន៍ព្រះអង្គទាំងអស់ មើលទៅហាក់ដូចជាគ្មានកម្លាំងកំហែងអ្វីបន្តិចនៅក្នុងខ្លួនឡើយ ហើយហាក់ដូចជាពុំមានការរំភើបរីករាយអ្វីក្នុងការទទួលស្វាគមន៍នោះដែរ ។ តែទោះជាយ៉ាងណា ព្រះអង្គត្រូវតែញញឹមទះដៃតបវិញ ។ នៅពេលរថភ្លើងចេញដំណើរផុតពីក្រុងភ្នំពេញ ខៀវ សំផន ដែលអង្គុយនៅក្បែរព្រះអង្គនោះ ចាប់ផ្ដើមពិភាក្សាគ្នាពីបញ្ហាទាក់ទងដល់ផ្លូវដែកពីក្រុងភ្នំពេញ ទៅដល់ប៉ោយប៉ែត ព្រំដែនថៃ និងផ្លូវដែកពីភ្នំពេញ ទៅក្រុងកំពង់សោម ដែលក្នុងសម័យសង្រ្គាមត្រូវបានបំផ្លាញខូចខាតអស់ប្រមាណ៨០ភាគរយទៅហើយ។ ខៀវ សំផន បានទូលព្រះអង្គថា អង្គការ និងប្រជាជនបានសម្រេចស្នាដៃដ៏អស្ចារ្យមួយ ដើម្បីធ្វើអោយផ្លូវរថភ្លើងនេះ អាចដំណើរដូចធម្មតាវិញ តែក្នុងរយះពេលមួយដ៏ខ្លីបំផុត។ ព្រះអង្គក៏បានសម្ដែងការកោតសរសើរចំពោះអង្គការ និងជនរួមជាតិព្រះអង្គដែលបានសម្រេចភារកិច្ចដ៏អស្ចារ្យក្នុងការស្ដារផ្លូវរថភ្លើងនេះឡើងវិញដែរ។ ប៉ុន្តែព្រះអង្គនឹកក្នុងព្រះទ័យថា ខៀវ សំផន ម៉េចមិននិយាយពីជំនួយដ៏សម្បើមរបស់ប្រទេសចិន ក្នុងការជួសជុលផ្លូវរថភ្លើងនេះឡើងវិញផង? ។ ព្រះអង្គនៅចាំបានថា កាលពីចុងខែធ្នូ ឆ្នាំ១៩៧៥ ឧបនាយករដ្ឋមន្រ្តីចិន តេង ស៊ាងពីង បានទូលព្រះអង្គថា ការចាំបាច់ប្រៀបស្មើនឹងអាយុជីវិតប្រទេសកម្ពុជា ជាសម្ព័ន្ធមិត្តរបស់ចិននោះគឺ ត្រូវជួសជុលផ្លូវដែក ពីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងផ្លូវដែកពីក្រុងភ្នំពេញ ទៅក្រុងកំពង់សោម ឲ្យបានឆាប់រហ័សបំផុត ដើម្បីកុំអោយប្រទេសវៀតណាម អាចសម្លាប់របបថ្មីដ៏ក្មេងខ្ចី (របបកម្ពុជាប្រជាធិបតេយ្យ) ដោយសារការខ្ទប់ដង្ហើមសេដ្ឋកិច្ច។

តេង ស៊ាវពីង បានទូលព្រះអង្គបន្តថា ក្រោយថ្ងៃជ័យជម្នះ ១៧ មេសា ភ្លាម ចិនបានបញ្ជូនគ្រឿងសម្ភារៈចាំបាច់យ៉ាងច្រើនសន្ធឹកសន្ធាប់ដឹកតាមនាវាធំៗ និងយន្តហោះដើម្បីជួយស្ដារប្រទេសកម្ពុជា ឡើងវិញ ។ ប៉ុន្តែវិទ្យុក្រុងភ្នំពេញ របស់មេដឹកនាំខ្មែរក្រហម តែងតែប្រកាសថា ពួកគេស្ដារ និងកសាងប្រទេសឡើងវិញ ដោយបាតដៃទទេ និងឈរលើគោលជំហរឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួន ទៅវិញ ។

បន្ទាប់ពីការពិភាក្សាគ្នាពីបញ្ហាផ្លូវដែកមក ព្រះអង្គ និងខៀវ សំផន ក៏ចាប់ផ្ដើមពិភាក្សាបញ្ហាការងារនៅក្នុងប្រទេសបន្តទៀត ។ ខៀវ សំផន ទូលបញ្ជាក់ថា របៀបរបបធ្វើការនៅក្នុងប្រទេសលោកខាងលិច ដែលឈប់សម្រាកនៅចុងសប្ដាហ៍(ថ្ងៃអាទិត្យ) នោះគឺ ពុំអាចអនុវត្តនៅកម្ពុជាថ្មីយើងបាននោះទេ ហើយមូលហេតុដែលមិនពុំអាចអនុវត្តបាននោះ គឺសាមញ្ញបំផុត ព្រោះប្រជាពលករខ្មែរ មិនត្រូវការវា…។

ក្រោយពេលរថភ្លើង បានធ្វើដំណើរចូលទៅដល់ទឹកដីខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ព្រះអង្គទតឃើញប្រជាជនធ្វើការងារពលកម្មនៅតាមវាលស្រែ ។ ពេលនោះ ខៀវ សំផន លើកដៃចង្អុលទៅប្រជាជនទាំងនោះ ហើយទូលព្រះអង្គថា សូមព្រះអង្គ ទតមើល! បងប្អូនប្រជាជនយើង សុទ្ធតែសប្បាយរីករាយគ្រប់ៗគ្នា។ ពួកគេសប្បាយរីករាយរាល់ថ្ងៃ ព្រោះថ្ងៃណា ក៏ជាថ្ងៃបុណ្យសម្រាប់ពួកគេដែរ (ថ្ងៃបុណ្យគឺជាថ្ងៃជួបជុំគ្នាធ្វើការ) ។ ខៀវ សំផន បញ្ជាក់ថា កាលសម័យសង្គមចាស់ ថ្ងៃបុណ្យមានតែប៉ន្មានថ្ងៃប៉ុណ្ណោះ (ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុទូក និងបុណ្យជាតិមួយចំនួនទៀត) ហើយកាលសម័យនោះបងប្អូនប្រជាជនយើងម្នាក់ៗ ខំប្រឹងធ្វើការសម្រាប់តែខ្លួនឯង និងរស់នៅក្នុងភាពក្រៀមក្រំ។ ឥឡូវនេះ ពួកគេរស់នៅជាសមូហភាព លែងនៅដាច់ដោយឡែកពីគ្នាទៀតហើយ ពួកគេធ្វើការរួម ហូបរួម ពួកគេធ្វើការបណ្ដើរ ច្រៀងបណ្ដើរ ហើយថ្ងៃណា ក៏ជាថ្ងៃបុណ្យរបស់ពួកគេដែរ ។

ឮ ខៀវ សំផន និយាយដូច្នេះ សម្ដេច សីហនុ មានការហួសព្រះទ័យជាខ្លាំង ព្រះអង្គនឹកក្នុងព្រះទ័យថា ខៀវ សំផន ឡប់សតិទេដឹង! បានជាគាត់និយាយដូច្នេះ? ព្រោះព្រអង្គទតទៅបងប្អូនប្រជាជនទាំងអស់នោះ ឃើញតែពួកគេស្លៀកពាក់ខ្មៅ ឱនឈ្ងោកដី លើកទំនប់ជីកប្រឡាយតែប៉ុណ្ណោះ ។ វាជារឿងគួរអោយអស់សំណើចបំផុត ដែល ខៀវ សំផន ហ៊ាននិយាយថា សម័យមុន ប្រជាជនរស់នៅដោយភាពក្រៀមក្រំនោះ ។ ព្រះអង្គយល់ថា សម័យមុនពួកប្រុសៗចូលចិត្តដើរញ៉ែពួកស្រីៗ ចូលចិត្តដើរច្រៀងរាំ ដើរផឹកទឹកត្នោតជូរ ហើយបើទោះបីអ្នកខ្លះរស់នៅក្នុងជីវភាពខ្សត់ខ្សោយក៏ដោយ ក៏ពួកគេមានសេរីភាព ធ្វើអ្វីតាមចិត្តរបស់ពួកគេដែរ ។ មិនដូចសម័យថ្មីរបស់គាត់ (ខៀវ សំផន) បង្ខំប្រជាជនអោយធ្វើការទាំងយប់ទាំងថ្ងៃ រស់នៅក្នុងជំរំប្រមូលផ្ដុំ ប្រជុំទិតៀន ស្វ័យទិតៀននោះឡើយ ហើយចម្រៀងរបស់សម័យមុន ជាចម្រៀងបែបបនោសញ្ចេតនាស្នេហា មិនមែនដូចចម្រៀងសម័យគាត់ (ខៀវ សំផន) មានតែការប្រមាថមួលបង្កាច់បន្តុះបង្អាប់សង្គមមុន និងលើកសរសើរពីការដឹកនាំរបស់អង្គការហួសប្រមាណ មិនចេះខ្មាសអៀន។ មិនតែប៉ុណ្ណោះ បើនរណាហ៊ានច្រៀងចម្រៀងបទពីសង្គមមុន(សង្គមសីហនុ ឬ សង្គមលន់ នុល) អាចត្រូវគេយកទៅសម្លាប់ផងដែរ ខណៈដែលវិទ្យុក្រុងភ្នំពេញ និងមេក្រូនៅតាមការដ្ឋានលើកប្រព័ន្ធភ្លឺស្រែទូទាំងប្រទេស ចាក់ផ្សាយតែបទចម្រៀងបដិវត្តន៍ ពិសេសបទ៖ កម្ពុជាបច្ចុប្បន្ន ថ្ងៃណាក៏បុណ្យ បុណ្យៗៗៗ បុណ្យពេលធ្វើដំណើរចូលដល់ទំនប់ប្រឡាយ នោះទេ ។

នៅលើទឹកដីនៃខេត្តពោធិ៍សាត់ តាមបង្អួចទូរថភ្លើង ខណៈដែល ខៀវ សំផន កំពុងអួតអាងពីការសប្បាយរីករាយរបស់បងប្អូនប្រជាជន និងរបបគ្រប់គ្រងថ្មីនោះ សម្ដេចសីហនុ ទតឃើញផ្ទះសម្បែងរបស់ប្រជាជនត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម និងឃើញផ្ទះប្រក់ស្បូវ ប្រក់ស្លឹកត្នោត នៅរាយប៉ាយតាមមូលដ្ឋានភូមិ-ឃុំ ហើយពុំសូវឃើញមានមនុស្សចាស់ៗទេ ឃើញតែក្មេងៗ ស្លៀកខោរហែករយីរយ៉ៃ មិនមានពាក់អាវ ខ្លួនប្រាណកខ្វក់ និងស្គមស្គាំងស្លេកស្លាំង។

ពេលរថភ្លើងទៅដល់ក្បែរទីរួមខេត្តពោធិ៍សាត់ សម្ដេចសីហនុ បានធ្វើការកត់សម្គាល់ថា ផ្ទះសម្បែង និងអគារទាំងឡាយនៅក្នុងទីរួមខេត្តមួយនេះ មិនសូវរងការខូចខាតដោយសារសង្រ្គាមប៉ុន្មានទេ។ ផ្ទះមួយចំនួនត្រូវពួកខ្មែរក្រហម យកធ្វើជាកន្លែងធ្វើការ និងស្នាក់នៅ ហើយផ្ទះភាគច្រើនត្រូវទុកចោល។ ចំណែកវត្តអារាម និងវិហារឥស្លាម ត្រូវពួកខ្មែរក្រហម បំផ្លិចបំផ្លាញចោល ឬយកធ្វើជាកន្លែងចិញ្ចឹមជ្រូក ក្រោលគោ ឬធ្វើជាជង្រុកស្រូវ ហើយឡឥដ្ឋ ឡក្បឿង ពូកខ្មែរក្រហមបានរៀបចំអោយមានដំណើរការឡើងវិញ ។

តាមផ្លូវរថភ្លើង ចន្លោះពីខេត្តពោធិ៍សាត់ ទៅខេត្តបាត់ដំបង សម្ដេចសីហនុ ទតឃើញជនរួមជាតិរបស់ព្រះអង្គយ៉ាងច្រើនកុះករកំពុងលើកទំនប់ជីកប្រឡាយ ធ្វើប្រព័ន្ធធារាសាស្រ្តដ៏ធំវែងមួយ។ ពេលនោះលោក ខៀវ សំផន បានទូលព្រះអង្គដោយអំនួតថា មិនមែនមានតែការដ្ឋានមួយនេះទេ គឺនៅឆ្ងាយពីនេះ ទៅមុខទៀត ក៏មានបងប្អូនប្រជាជនយើងជាងមួយម៉ឺននាក់ ក៏កំពុងលើកទំនប់ជីកប្រឡាយមួយទៀតដែរ។

ពេលរថភ្លើងទៅដល់ទីរួមខេត្តបាត់ដំបង នៅពេលទតឃើញទិដ្ឋភាពស្ងាត់ជ្រងំ នៅក្នុងទីរួមខេត្តដ៏ល្បីល្បាញមួយនេះ ធ្វើឲ្យព្រះអង្គនឹកឃើញកាលសម័យមុនសង្រ្គាម ខេត្តនេះជាជង្រុកស្រូវរបស់ប្រទេសជាតិ និងជាខេត្តសម្បូរធនធានធម្មជាតិមានតម្លៃ គឺត្បូងពេជ្រ ព្រមទាំងសម្បូរទៅដោយដំណាំហូបផ្លែរាប់រយមុខ មានរសជាតិឆ្ងាញ់ពិសា ពិសេសក្រមុំៗនៅក្នុងខេត្តនេះមានរូបសម្រស់ស្អាតៗទៀតផង។ ទីរួមខេត្តបាត់ដំបង មានផ្ទះធំៗដែលសង់ពីឈើប្រក់ក្បឿង និងហាងលក់ដូរធ្វើពីថ្មធំៗជាច្រើនទៀត ប៉ុន្តែពេលនេះ ផ្ទះនិងហាងទាំងអស់នោះ ប្រែក្លាយជាស្ងាត់ជ្រងំ ព្រោះម្ចាស់វាត្រូវពួកខ្មែរក្រហមជម្លៀសចេញបាត់អស់ទៅហើយ ។

ព្រះអង្គឈ្វេងយល់ថា អ្វីដែលវិទ្យុក្រុងភ្នំពេញ បានប្រកាសផ្សាយជារៀងរាល់ថ្ងៃថា ចាប់ពីថ្ងៃនេះទៅ ប្រជាជនបានឡើងជាម្ចាស់ទឹក ម្ចាស់ដីនៃប្រទេសកម្ពុជាទាំងមូលនោះ មិនពិតទេ គឺមានតែពួកមេខ្មែរក្រហមព្រមទាំងក្រុមគ្រួសារពួកគេប៉ុណ្ណោះ ដែលបានឡើងជាម្ចាស់ទឹក ម្ចាស់ដីនៃកម្ពុជានោះ លើសពីនេះទៅទៀត ពួកគេថែមទាំងជាម្ចាស់ជីវិតរបស់ប្រជាជនកម្ពុជាទៀតផង។

ពេលរថភ្លើងចូលចតនៅស្ថានីយទីរួមខេត្តបាត់ដំបង ព្រះអង្គទតឃើញអគារសាធារណៈ និងផ្ទះសម្បែងមានសភាពបាក់បែកទ្រុឌទ្រោម និងកខ្វក់ថែមទៀតផង។ ខុសប្លែកកាលពីសម័យ ដែលព្រះអង្គជាអ្នកដឹកនាំ ទីរួមខេត្តនេះមានភាពស្រស់ស្អាតប្រកបដោយអនាម័យ និងមានសភាពអ៊ូអរសម្បូររុងរឿង។

ពួកមេខ្មែរក្រហម ជាអ្នកដឹកនាំភូមិភាគពាយ័ព្យ និងតំបន់នៅទីនោះ បានមកទទួលស្វាគមន៍ព្រះអង្គដោយទឹកចិត្តរីករាយរាក់ទាក់ និងគោរពបំផុតចំពោះការយាងទៅដល់ទឹកដី ដែលពួកគេគ្រប់គ្រង។

នៅចម្ងាយពីព្រះអង្គ ប្រមាណពី២០០ទៅ៣០០ម៉ែត្រ ស្រ្ដីវ័យចំណាស់ម្នាក់ ដែលនៅជាមួយយុវជនយុវនារីមួយក្រុមស្លៀកពាក់ខ្មៅ កំពុងនាំគ្នាសម្លឹងមករកព្រះអង្គដោយការងឿងឆ្ងល់នោះ ពេលក្រឡេកឃើញ និងស្គាល់ព្រះអង្គច្បាស់ ស្រ្ដីវ័យចំណាស់នោះបានស្រែកខ្លាំងៗ “នុះ! សម្ដេចឪយើងយាងមកវិញហើយ”។ ឮដូច្នេះ ព្រះអង្គក៏មិនបានតបអ្វីក្រៅពីលើកព្រះហស្ត ជាសញ្ញាស្វាគមន៍ទៅរកគាត់វិញនោះទេ ដោយក្នុងព្រះទ័យព្រះអង្គបារម្ភខ្លាចស្រ្តីនោះអាចបណ្ដាលឲ្យគាត់មានគ្រោះថ្នាក់់ ទៅថ្ងៃក្រោយជាមិនខាន បើព្រះអង្គចូលទៅរាក់ទាក់ជាមួយ។

ព្រះអង្គនិងមហេសី ព្រមទាំងអ្នកអមព្រះរាជដំណើរ ត្រូវបានគេរៀបចំអោយគង់ និងស្នាក់នៅអគារ ដែលជាអតីតផ្ទះអភិបាលខេត្ត ពីសម័យមុន ដោយមានអ្នកឈរចាំទះដៃអបអរសាទរមានរបៀបរៀបរយ និងមានក្មេងៗប្រុសស្រីវ័យជំទង់ៗ ជាង២០នាក់ ជាអ្នករៀបចំបាយទឹកក្រយាស្ងោយជាមួយ និងកាយវិការប្រៀបដូចជាគ្រឿងយន្ត។

ក្នុងចំណោមពួកគេទាំងនោះ ទោះបីមិនសូវមានរូបរាងស្អាតប៉ុន្មានពិតមែន តែពួកគេចេះសម្ដែងការគួរសមគ្រាន់បើដែរ។ ពួកគេមួយចំនួនជាអ្នកដាំស្ល និងមួយចំនួនទៀត ជាអ្នករៀបចំតុដាក់ក្រយាស្ងោយថ្វាយព្រះអង្គ និងអ្នករួមដំណើរផ្សេងៗទៀត។ ក្នុងកំឡុងពេលស្នាក់នៅក្នុងអគារអតីតផ្ទះអភិបាលខេត្តពីសង្គមចាស់នេះ ពួកនារីៗនៅទីនោះ មានឆ្លៀតឱកាសទាំងអៀនប្រៀនលួចសម្លឹងមើលព្រះភ័ក្រ្ដព្រះអង្គ និងមហេសីស្ទើរគ្រប់ពេល ព្រោះតែចង់ឃើញឲ្យកាន់តែច្បាស់។ ព្រះអង្គត្រូវបានពួកមេដឹកនាំខ្មែរក្រហមយាងទៅទស្សនកិច្ចនៅរោងចក្រតម្បាញមួយដែលជាអំណោយរបស់ប្រទេសចិន កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គឺតាំងពីសម័យព្រះអង្គកាន់អំណាចមកម្ល៉េះ ។ ក្នុងសម័យសង្រ្គាមឆ្នាំ១៩៧០ ដល់១៩៧៥ រោងចក្រតម្បាញនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់របបសាធារណរដ្ឋខ្មែរ ក៏ពិតមែន ប៉ុន្តែមិនរងការខូចខាតអ្វីប៉ុន្មានទេ៕