យល់ដឹង៖ ​ មនុស្សភាគច្រើន អាចនិងខ្វល់ខ្វាយពីការធ្វើម្ហូបអាហាររាល់ថ្ងៃ ពិសេសប្រភេទអាហារដែលពិបាកធ្វើ និងស្មុគស្មាញ ដោយមិនដឹងត្រូវចាប់ផ្ដើមពីចំណុចណាមុន បើទិញគេអាចថ្លៃនិងមិនមានអនាម័យទៀត​។ ប៉ុន្តែ លោកអ្នកគួរឈប់បារម្ភទៅ ថ្ងៃនេះ KBN សូមណែនាំមុខម្ហូបមួយប្រភេទដែលមនុស្សមួយចំនួនពេញនិយមចូលចិត្តផងដែរ។

បើចង់ដឹងថា ឆាប្រហុកខ្ទិះមានគ្រឿងផ្សំនិងរបៀបធ្វើបែបណានោះ សូមអាននៅខាងក្រោម៖
១.គ្រឿងផ្សំ៖
-សាច់ជ្រូកបីជាន់6ខាំ
-ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ
-ស្ករត្នោត១ចានចង្កឹះ
-ប៊ីចេង1ស្លាបព្រាកាហ្វេ
-ខ្ទិះដូងយកខ្ទិះដើម១ចានចង្កឹះ
-ម្ទេសឆ្អើរចិញ្ច្រាំ3ស្លាបព្រាបាយ
-ប្រេងឆា២ស្លាបព្រាបាយ
-គ្រឿងបុកម៉ត់ (ចង់ដាក់ក៏បានមិនដាក់ក៏បាន)

២.បន្លែអន្លក់ប្រហុកខ្ទិះ
-ស្ពៃក្តោប
-ត្រសក់
-សណ្តែកគួ
-ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ត។

៣.របៀបធ្វើ
ដំបូងយកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួយឡែកចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួយប្រហុកអោយសប់សាច់មួយ។ បន្ទាប់យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ម្ទេសឆ្អើរចូលឆាមួយសន្ទុះប្រែពណ៏ក្រហមដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំឆាចូលរំងាស់រហូតដល់ឆ្អិនដាក់ខ្ទិះដូងចូលរួចដាក់ស្ករត្នោតនិងប៊ីចេងចូលឆាអោយឆ្ងុយនិងភ្លក់មើលល្មមជាការស្រេច។