ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ០៥ ខែ វិច្ចិកា​ ឆ្នាំ ២០២០ នៅសណ្ឋាគារ ភ្នំពេញ​​ លោក អ៊ីវ គឹមសួរ ជាគ្រូបង្វឹកអាជីវកម្មមកពី ActionCOACH និងជាសមាជិកនៃ BNI Master Chapter បានរៀបចំធ្វើសន្និសីទសារព័ត៌មាន​ស្តីពីការផ្តួចផ្តើម រៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ” ដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន សហការឧបត្ថម្ភដោយ​ Global Top Star Industrial Co., LTD ឧបត្ថម្ភទីតាំងដោយ​ THANSUR SOKHA Hotel និងឧបត្ថម្ភភេសជ្ជៈទាំងស្រុងដោយ ភេសជ្ជៈប៉ូវកំលាំង យូ-ផៅវើរ ព្រមទាំងបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភ ជា​ ច្រើនទៀតដែលបានចូលរួម ទាំងថវិកា និងសម្ភារៈផងដែរ។ ជាងនេះទៅទៀត កម្មវិធីនេះក៏ទទួលបាននូវការគាំទ្រពីសំណាក់សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និងអជ្ញាធរមូលដ្ឋាន នៅទីនោះផងដែរ ដោយរំពឹងទុកថានឹងមានអ្នកចូលរួមចំនួនប្រមាណជា ១០០ នាក់ និងប្រមូលថវិកាឲ្យបានយ៉ាងហោចណាស់ចំនួន១ម៉ឺនដុល្លារ។

ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ គឺជាព្រឹតិ្តការណ៍លើកដំបូងមួយដែលនឹងប្រព្រឹត្តិទៅមានរយៈពេលពីរយប់ បីថ្ងៃ គឺចាប់ពីរសៀល ថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងបំផុសសកម្មភាពលំហាត់ប្រាណ ពង្រីកបណ្តាញធុរកិច្ច បង្កើតសេចក្តីរីករាយ ជួបជុំជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងតែ ប្រឈមនឹងការ ធ្លាក់ចុះយ៉ាងខ្លាំងនូវជំនួយសប្បុរសធម៌នៅក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារកម្ពុជា។ ជាងនេះទៅទៀតតាមរយៈព្រឹត្តិការណ៍មួយនេះ យើងក៏មានបំណង លើកស្ទួយផ្សព្វផ្សាយទីកន្លែងទេសចរណ៍ ដ៏ស្រស់ត្រកាលភាគនិរតីនៃប្រទេស រួមទាំងបង្ហាញឲ្យមានការចូលរួមថែរក្សាបរិស្ថានស្អាត និងបង្ហាញអំពីសេចក្តីសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកចូលរួមមានជម្រើសពីរក្នុងការចូលរួម ទីមួយ គឺត្រូវបង់ចំនួន ១២០ ដុល្លារ សម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ឆ្នាំឡើង និងទីពីរ ២៥០ ដុល្លារ សម្រាប់កញ្ចប់គ្រួសារដែលមានមនុស្សពេញវ័យពីរនាក់ និងកុមារអាយុក្រោម ១២ ឆ្នាំ ២នាក់ ដោយអ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតអនុស្សាវរីយ៍ អាហារ ភេសជ្ជៈ ទីកន្លែងស្នាក់នៅតង់ស្នាក់នៅសម្រាប់មនុស្សពីរនាក់និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព។ កម្មវិធីទំាំងមូលគឺចាប់ផ្តើមចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងកំពតនៅ ពេលរសៀលថ្ងៃទី ១១ ខែធ្នូ និងការដើរឡើងភ្នំគឺចាប់ផ្តើមពីម៉ោង ៥ព្រឹក ថ្ងៃទី ១២ ខែធ្នូ​ នៅទីតាំងជើងភ្នំនៃឧទ្សានជាតិព្រះមុនីវង្សភ្នំបូកគោ ដើម្បីដើរឡើងតាមផ្លូវថ្នល់ក្នុងរយៈចំងាយ ៣១ គម​ ដោយបញ្ចប់នៅទីតាំងផ្លូវបំបែកនៅលើភ្នំ បន្ទាប់មកអ្នកចូលរួមនឹងធ្វើការសម្រាកដោយបោះតង់នៅក្បែរមាត់បឹងនៅលើកំពូលភ្នំ ដែលជាទីកន្លែងមួយប្រកបដោយទេសភាពដ៏ស្រស់ត្រកាល អមនឹងអាកាសធាតុត្រជាក់ក្នុងរដូវរំហើយ ព្រមទាំងមានកម្មវិធីជប់លៀង BBQ និងកម្មវិធីកំសាន្តផ្សេងៗថែមទៀតផង។

នៅពេលព្រឹកថ្ងៃទី ១៣ ខែធ្នូ អ្នកចូលរួមនឹងជួបជុំគ្នាស្រស់ស្រូបអាហារពេលព្រឹក និងវិលត្រលប់មកកាន់ទីក្រុងភ្នំពេញវិញជាកិច្ចបញ្ចប់ព្រឹត្តិការណ៍។ លោក អ៊ីវ គឹមសួរ ព្រមទាំងគណៈកម្មការរៀបចំកម្មវិធីមានសុទិដ្ឋិនិយមយាំងមុតមាំថាតាមរយៈកម្មវិធីមួយនេះ បងប្អូនសាធារណៈជន ព្រមទាំងស្ថាប័នផ្សេងៗនឹងចូលរួមឲ្យបានច្រើនកុះករ ព្រោះវាជាចំណែកមួយដើម្បីលើកស្ទួយវិស័យទេសចរណ៍ បង្កើនការហាត់ប្រាណដើម្បីសុខភាពនៅក្នុងប្រទេសកម្ពុជា និងជាពិសេសគឺបានជួយដល់ការងារមនុស្សធម៌តាមរយៈមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។

លោក សឹម សានត្រាន ប្រធានគ្រប់គ្រងផ្នែកលក់ និង ទីផ្សារ របស់ភេសជ្ជៈ យូ-ផៅវើរដែលបានចូលរួមក្នុងព្រិត្តិការណ៍នេះក៏បានបញ្ជាក់ដែរថា ថ្វីបើភេសជ្ជៈប៉ូវកំលាំង​ យូ-ផៅវើរ ទើបនឹងមានវត្តមាននៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា តែចក្ខុវិស័យរបស់ក្រុមហ៊ុន ក្រៅពីនាំមកនូវភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពខ្ពស់ មានរសជាតិ ផ្អែមត្រជាក់ បំពង់កជាមួយរូបមន្តជីអង្កាម មកផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាហើយនោះ ក្រុមហ៊ុនក៏តែងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ក៏ដូចជា ការអភិវឌ្ឍន៍វិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាច្រើនផងដែរ។ ហើយក៏សូមគោរពអញ្ងើញចុះឈ្មោះចូលរួមក្នុងព្រិត្តិការណ៍នេះឲ្យបានច្រើនកុះករ!

https://docs.google.com/…/1FAIpQLSc1xUo…/viewform

ទំនាក់ទំនង៖ 015 718 888 / 012 725 745