ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ជាច្រើនអំពីការលំបាកក្នុងការស្វែងរកមូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលធ្វើឲ្យមានការប៉ះពាល់ដល់សកម្មភាពមួយចំនួននៅក្នុងប្រតិបត្តិការណ៍ផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ។
លោក អ៊ីវ គឹមសួរ ជាគ្រូបង្វឹកអាជីវកម្មមកពី ActionCOACH និងជាសមាជិកនៃ BNI Master Chapter បានផ្តួចផ្តើម រៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ” ដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន សហការឧបត្ថម្ភដោយ Global Top Star Industrial Co., LTD ឧបត្ថម្ភទីតាំងដោយ THANSUR SOKHA Hotel និងបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភដូចជា SN Crab, Winest, Blue Opportunity Market, BCP Lubricants និង 3S Auto ព្រមទាំងក្រុមហ៊ុនផ្សេងៗជាច្រើនទៀតដែលបានចូលរួម ទាំងថវិកា និងសម្ភារៈ។ ជាងនេះទៅទៀត កម្មវិធីនេះក៏ទទួលបាននូវការគាំទ្រពីសំណាក់សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និងអជ្ញាធរមូលដ្ឋាន នៅទីនោះផងដែរ ដោយរំពឹងទុកថានឹងមានអ្នកចូលរួមចំនួនប្រមាណជា ១០០ នាក់ និងប្រមូលថវិកាឲ្យបានយ៉ាងហោចណាស់ចំនួន១ម៉ឺនដុល្លារ។
ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ គឺជាព្រឹតិ្តការណ៍លើកដំបូងមួយដែលនឹងប្រព្រឹត្តិទៅមានរយៈពេលពីរយប់ បីថ្ងៃ គឺចាប់ពីរសៀល ថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងបំផុសសកម្មភាពលំហាត់ប្រាណ ពង្រីកបណ្តាញធុរកិច្ច បង្កើតសេចក្តីរីករាយ ជួបជុំជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងតែ ប្រឈមនឹងការ ធ្លាក់ចុះយ៉ាងខ្លាំងនូវជំនួយសប្បុរសធម៌នៅក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិត កម្រៃ ដល់កុមារកម្ពុជា។ ជាងនេះទៅទៀតតាមរយៈព្រឹត្តិការណ៍មួយនេះ យើងក៏មានបំណង លើកស្ទួយផ្សព្វផ្សាយទីកន្លែងទេសចរណ៍ ដ៏ស្រស់ត្រកាលភាគនិរតី នៃប្រទេស រួមទាំងបង្ហាញឲ្យមានការចូលរួមថែរក្សាបរិស្ថានស្អាត និងបង្ហាញអំពីសេចក្តីសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកចូលរួមមានជម្រើសពីរក្នុងការចូលរួម ទីមួយ គឺត្រូវបង់ចំនួន ១២០ ដុល្លារ សម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ឆ្នាំឡើង និងទីពីរ ២៥០ ដុល្លារ សម្រាប់កញ្ចប់គ្រួសារដែលមានមនុស្សពេញវ័យពីរនាក់ និងកុមារអាយុក្រោម ១២ ឆ្នាំ ២នាក់ ដោយអ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតអនុស្សាវរីយ៍ អាហារ ទឹកញ៉ាំ ទីកន្លែងស្នាក់នៅតង់ស្នាក់នៅសម្រាប់មនុស្សពីរនាក់និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព។ កម្មវិធីទំាំងមូលគឺចាប់ផ្តើមចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងកំពតនៅ ពេលរសៀលថ្ងៃទី ១១ ខែធ្នូ និងការដើរឡើងភ្នំគឺចាប់ផ្តើមពីម៉ោង ៥ព្រឹក ថ្ងៃទី ១២ ខែធ្នូ នៅទីតាំងជើងភ្នំនៃឧទ្សានជាតិព្រះមុនីវង្សភ្នំបូកគោ ដើម្បីដើរឡើងតាមផ្លូវថ្នល់ក្នុងរយៈចំងាយ ៣១ គម ដោយបញ្ចប់នៅទីតាំងផ្លូវបំបែកនៅលើភ្នំ បន្ទាប់មកអ្នកចូលរួមនឹងធ្វើការសម្រាកដោយបោះតង់នៅក្បែរមាត់បឹងនៅលើកំពូលភ្នំ ដែលជាទីកន្លែងមួយប្រកបដោយទេសភាពដ៏ស្រស់ត្រកាល អមនឹងអាកាសធាតុត្រជាក់ក្នុងរដូវរំហើយ ព្រមទាំងមានកម្មវិធីជប់លៀង BBQ និងកម្មវិធីកំសាន្តផ្សេងៗថែមទៀតផង។ នៅពេលព្រឹកថ្ងៃទី ១៣ ខែធ្នូ អ្នកចូលរួមនឹងជួបជុំគ្នាស្រស់ស្រូបអាហារពេលព្រឹក និងវិលត្រលប់មកកាន់ទីក្រុងភ្នំពេញវិញជាកិច្ចបញ្ចប់ព្រឹត្តិការណ៍។ លោក អ៊ីវ គឹមសួរ ព្រមទាំងគណៈកម្មការរៀបចំកម្មវិធីមានសុទិដ្ឋិនិយមយាំងមុតមាំថាតាមរយៈកម្មវិធីមួយនេះ បងប្អូនសាធារណៈជន ព្រមទាំងស្ថាប័នផ្សេងៗនឹងចូលរួមឲ្យបានច្រើនកុះករ ព្រោះវាជាចំណែកមួយដើម្បីលើកស្ទួយវិស័យទេសចរណ៍ បង្កើនការហាត់ប្រាណដើម្បីសុខភាពនៅក្នុងប្រទេសកម្ពុជា និងជាពិសេសគឺបានជួយដល់ការងារមនុស្សធម៌តាមរយៈមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។
អំពីមន្ទីរពេទ្យកុមារអង្គរ៖ មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។ តាមរយៈទិន្នន័យនៃការស្រាវជ្រាវ និងគោលនយោបាយបានបង្ហាញឲ្យឃើញថា មន្ទីរពេទ្យកុមារអង្គរកំពុងតែជួយសង្គ្រោះជីវិតកុមារកាន់តែទូលំទូលាយ តាមរយៈការពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារក្នុងតំបន់ និងអន្តរជាតិ។
ទំនាក់ទំនងកម្មវិធី និងសារព័ត៌មាន៖
លោក៖ អ៊ីវ គឹមសួរ
T: 015 718 888 , E: kimsouriv@gmail.com