ភ្នំពេញ៖ ខណៈក្រុមជនសង្ស័យបានជិះម៉ូតូបំបុកសមត្ថកិច្ច ដើម្បីគេចខ្លួន សមត្ថកិច្ចបានផ្ទុះអាវុធក្នុងគោលបំណងបង្អាក់ដំណើរក្រុមជនសង្ស័យ តែគ្រាប់កាំភ្លើងបានផ្លាតត្រូវជនសង្ស័យម្នាក់បណ្តាលឲ្យស្លាប់។

ករណីនេះមន្ត្រីនគរបាលពាក់ព័ន្ធចំនួន៣នាក់ ត្រូវអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត សមត្ថកិច្ចបានផ្ទុះអាវុធ ក្នុងការបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។

ការផ្ទុះអាវុធនេះ បន្ទាប់ពីក្រុមជនសង្ស័យបានជិះម៉ូតូបំបុកសមត្ថកិច្ច ដើម្បីគេចខ្លួន ហើយសមត្ថកិច្ចបានផ្ទុះអាវុធក្នុងគោលបំណងបង្អាក់ដំណើរក្រុមជនសង្ស័យ តែគ្រាប់ក៏បានផ្លាតត្រូវជនសង្ស័យបណ្តាលឲ្យស្លាប់។

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបំភ្លឺថា ដោយមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន និងគណនីហ្វេសប៊ុក Parith JB កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណងជើងថា «ប៉ូលិសខេត្តកំពត បានបាញ់ជនសង្ស័យស្លាប់ យប់ថ្ងៃពីរ ទើបដឹកសពមកឱ្យដល់ផ្ទះ ហើយយកលុយមកសងជំងឺចិត្ត ៤៥០០ដុល្លារដើម្បីបញ្ចប់រឿង ។ សូមបងប្អូនដែលដឹងជួយខមិនផង តើមានច្បាប់បែបនឹងអត់? ហើយប៉ូលិសធ្វើចឹងត្រូវ រឺខុស សូមបងប្អូន Share ម្នាក់មួយផង កុំឱ្យប៉ូលិសមួយចំនួនចេះតែធ្វើខុសតាមអំពើចិត្តពេក»។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:១០នាទី ជនល្មើស០១ក្រុម មានគ្នាចំនួន០៥នាក់៖ ១-ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់), ២-ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន), ៣-ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ បាននាំគ្នាជិះម៉ូតូ ០២គ្រឿង មកកាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឱ្យរងរបួសក្បាលជាទម្ងន់។ មូលហេតុ ជនរងគ្រោះផឹកកាហ្វេនៅតុក្បែរជនសង្ស័យ នៅក្នុងភូមិកើតហេតុខាងលើ។ ពេលនោះជនរងគ្រោះមើលមុខជនសង្ស័យ ធ្វើឱ្យពួកគេខឹង ក៏តាមកាប់នៅពេលដែលចេញពីហាងកាហ្វេនោះ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ០១គ្រឿងមានគ្នា០២នាក់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ ហើយថែមទាំងបើកបំបុកកម្លាំងសមត្ថកិច្ច ឱ្យរងរបូសចំនួន០២នាក់ទៀតផង។

ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតត្រូវជនសង្ស័យ០១នាក់ស្លាប់ នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនគូកនបាន០១នាក់។

សកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីដែរ។

ក្រៅពីនេះ ក្នុងទឹកចិត្តប្រកបដោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាចំនួន៤,៥០០ដុល្លារ ទៅប្រគល់ជូនក្រុមគ្រួសារសពសម្រាប់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕