ក្រុមហ៊ុន Boeing បានប្រកាស ថាក្រុមហ៊ុននឹងកាត់បន្ថយការងារបន្ថែមទៀត បន្ទាប់ពីការខាតបង់យ៉ាងធ្ងន់ធ្ងរនៅត្រីមាសទី ៣ ដែលបណ្តាលមកពីការឆ្លង រាលដាល នៃវីរុសកូរ៉ូណា។

ក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិកមួយនេះ រំពឹងថានឹង បញ្ឈប់ការងារចំនួន ១៤,០០០ កន្លែងបន្ថែមទៀតនៅដំណាច់ឆ្នាំក្រោយ បន្ថែមលើ ចំនួន ១៦,០០០ ដែលក្រុមហ៊ុនបានប្រកាសនៅក្នុងខែមេសា ដែលចំនួននេះ នឹងនាំឱ្យចំនួនការងារ បាត់បង់សរុបដល់ ៣០,០០០ ក្នុងរយៈពេលតិចជាងពីរឆ្នាំ។

ក្រុមហ៊ុន Boeing បានលើកឡើងពីតម្រូវការក្នុងការធ្វើឲ្យស្របទៅនឹងតថភាពទីផ្សារ ព្រោះក្រុមហ៊ុន រំពឹងថាតម្រូវការថ្មីសម្រាប់យន្តហោះនឹងនៅទាបនៅឡើយសម្រាប់ពេលបច្ចុប្បន្ននេះ។

ជំងឺរាតត្បាតកូវិត-19 បានបន្ថែមការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បន្ទាប់ពីវាបាន ជះឥទ្ធិពលពីការធ្លាក់នៃយន្តហោះ 737 MAX ជាគ្រោះថ្នាក់ បង្ករឲ្យមានមនុស្សស្លាប់ច្រើន បានកើតឡើងចំនួនពីរលើក។

ក្រុមហ៊ុន Boeing បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤៦៦ លានដុល្លារក្នុងរយៈពេល ៣ ខែ គិតមកដល់ខែកញ្ញា ដោយការលក់យន្តហោះ ធ្លាក់ចុះ ២៩ ភាគរយ។ នេះគឺជាការខាតបង់ប្រចាំត្រីមាសជាប់ៗគ្នារលើកទី៤ របស់ ក្រុមហ៊ុន។

ឧស្សាហកម្មអាកាសចរណ៍ សហរដ្ឋអាមេរិក នៅតែបន្តប្រឈមនឹងការ លំបាកយ៉ាងខ្លាំង ខណៈក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines កំពុងកាត់បន្ថយការងារចំនួន ៣២,០០០កន្លែង ។