មេដឹកនាំសហភាពអឺរ៉ុបនិងកាណាដាបាននិយាយថាកិច្ចព្រមព្រៀង សេដ្ឋកិច្ច និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (CETA) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប (EU) និងប្រទេសកាណាដា បានជួយភាគីទាំងពីរក្នុងការជំរុញពាណិជ្ជកម្ម និងការងារក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោក Ursula Von der Leyen បានបើកកិច្ចប្រជុំ កំពូលលើកដំបូងរបស់ពួកគេតាមរយៈការភ្ជាប់វីដេអូ។ លោក Michel និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខានៅខែតុលាឆ្នាំ ២០១៦ និងចូលជាធរមាន នៅខែកញ្ញាឆ្នាំ ២០១៧ មានពាណិជ្ជកម្មកើនឡើង ២៤ ភាគរយ សម្រាប់ទំនិញនិង ២៥ ភាគរយសម្រាប់សេវាកម្មផ្សេងៗ បើប្រៀបធៀបនឹងកម្រិតមុនពេល កិច្ចព្រមព្រៀង សេដ្ឋកិច្ច និង ពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (CETA) ។

យោងតាមលោក Justin Trudeau នាយករដ្ឋមន្ត្រី កាណាដា បានឲ្យដឹងថា ការនាំចេញពីប្រទេសកាណាដា ទៅកាន់ សហភាពអឺរ៉ុប បានកើនឡើង ២០ ភាគរយ ហើយ កិច្ចព្រមព្រៀង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយ (CETA) ក៏បានបង្កើតការងារល្អទាំងសងខាងផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល មេដឹកនាំបានពិភាក្សាអំពីតួនាទីដែល កិច្ចព្រមព្រៀង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយ (CETA) អាចដើរតួក្នុងការ ធ្វើឲ្យងើបឡើង វិញនៃសេដ្ឋកិច្ច ចេញពីវិបត្តិ សុខភាព ទាំងនៅក្នុងប្រទេសកាណាដា និងសហភាពអ៊ឺរ៉ុប តាមរបៀបដែលងាយស្រួលដល់បរិស្ថាន ដោយជំរុញការបង្កើតការងារបៃតង។

ទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងនាយករដ្ឋមន្ត្រីកាណាដាបាន ព្រមព្រៀងបើកកិច្ចប្រជុំកំពូល រវាងសហភាពអឺរ៉ុប និងប្រទេសកាណាដា នាពេល ខាងមុខ នៅពេលមានលក្ខខណ្ឌអនុញ្ញាតិ។ គួរំលឹកថាជំនួបចុងក្រោយរវាងភាគីទាំងពីរ អឺរ៉ុបនិងកាណាដា បានធ្វើ ឡើងនៅខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុង Montreal ប្រទេស កាណាដា។