ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥ នាក់) ។

លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការស្នើនេះ បានធ្វើឡើង បន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ រ បន្ថយទោស និងលើកលែងទោសក្នុង ឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ។

គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន២៤ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែល ស្នើសុំផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ១០៨៦នា ក់ (ស្រី ៧៦ នាក់) រួមមាន៖
• ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៩ នាក់ (ស្រី ០០នាក់)
• ស្នើសុំលើកលែងទោស ចំនួន ៣៥៤ នាក់ (ស្រី២២នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៣៤ នាក់ (ស្រី០៩ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ១៣៨ នាក់ (ស្រី ០៧នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៥១ នាក់ (ស្រី ៣៨ នាក់) ។

គណៈកម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំទៅ សម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥ នាក់) រួមមាន៖
• ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំចំនួន០៥នាក់ (ស្រី ០០នាក់)
• ស្នើសុំលើកលែងទោស ចំនួន ១៩នាក់ (ស្រី ០៦នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២នាក់ (ស្រី ១០ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥នាក់ (ស្រី ០៨នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕