ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះវាស់វែងលើកំណាត់ផ្លូវ និងឲ្យរុះរើសំណង់នានាដែលបានសង់រំលោភលើចិញ្ចើមផ្លូវ និងអណ្ដូងលូចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយទុករយៈពេល១០ថ្ងៃ នៅក្នុងបុរីពិភពថ្មី និងបុរីពិភពថ្មី២ ក្នុងភូមិត្រពាំងថ្លឺង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីជូនដំណឹងថា ដោយសង្កេតឃើញថា ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីបានធ្វើការសាងសងសំណង់បន្ថែមនៅលើសំណង់ចាស់ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ ។ ម្យ៉ាងវិញទៀត ម្ចាស់បុរីមិនបានយកចិត្តទុកដាក់ក្នុងការកែលម្អប្រព័ន្ធលូបង្ហូរទឹក រហូតទៅដល់បងប្អូនប្រជាពលរដ្ឋខ្លះបានធ្វើការសាងសង់សំណង់ផ្សេងៗបិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត ។

អាស្រ័យដូច្នេះ ដើម្បីចូលរួមការស្ដារអណ្ដូងលូ និងកែលម្អប្រព័ន្ធលូឡើងវិញ ចៀសវាងការជន់លិចដោយសារទឹកភ្លៀង ឬទឹកជំនន់ផ្សេងៗ អាជ្ញាធរបានស្នើដល់ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ចូលរួមរក្សាឲ្យបាននូវស្ថានភាពដើម មិនត្រូវសាងសង់បន្ថែម និងត្រូវរុះរើសំណង់នានាដែលបានសង់រំលោភលើចិញ្ចើមផ្លូវ និងអណ្ដូងលូចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ករណីអស់លោកលោកស្រីបងប្អូនពលរដ្ឋមិនអនុវត្តតាមការជូនដំណឹងខាងលើនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះមករុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ ។

មន្រ្តីមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយការបូមទឹកចេញពីក្នុងបុរី ឃើញថា ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺក្រុមការងារកំពុងបន្តបូមស្តារលូ បាញ់ទឹកលាងសម្អាត កើបសម្អាតភក់ សំរាម និងបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងបុរី រួចហើយ និងមានប្រជាពលរដ្ឋប្រមាណ៩០% បានមកចូលរស់នៅតាមលំនៅឋានរបស់ខ្លួនជាធម្មតាវិញហើយ ៕