ទីក្រុងតៃប៉ិ៖ រថយន្ដក្រុងមួយគ្រឿង ដឹកអ្នកដំណើរ ចំនួន៤០នាក់ បានជ្រុលចង្កូត​ទៅបុកគ្នា​ជាមួយ​នឹងរថយន្ដដឹកទំនិញធុនស្រាលមួយ បណ្ដាលឲ្យមនុស្ស ១៤នាក់រងរបួស ហើយ​រថ​យន្ដ​ទាំង២គ្រឿង បានរងការខូចខាតយ៉ាងដំណំ កាលពីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីក្រុង Keelung ។

បើតាមសម្ដីរបស់អ្នកបើកបររថយន្ដក្រុង ឈ្មោះ Wu បានឲ្យដឹងថា មុនពេលកើតមាន​នូវ​គ្រោះ​ថ្នាក់ចរាចរណ៍ខាងលើនេះ គាត់បានបើករថយន្ដ តាមណ្ដោយផ្លូវ Zhongzheng ។ លុះមកពេលគាត់បើករថយន្ដមកដល់ចំណុចផ្លូវប្រសព្វជា៣ រវាង ផ្លូវ Zhongzheng ផ្លូវ Xiangfeng និងផ្លូវ Fengren ស្រាប់តែរថយន្ដរបស់គាត់ មានបញ្ហាហ្វ្រាំង ជាន់មិនស៊ី បណ្ដាលឲ្យជ្រុលចង្កូតទៅបុករថយន្ដដឹកទំនិញធុនតូចមួយគ្រឿងទៀត បណ្ដាល​ឲ្យ​អ្នក​ដំណើរ ចំនួន១៤នាក់ រងរបួស។ ដោយឡែករថយន្ដទាំង២គ្រឿង បានរងការខូចខាត​យ៉ាង​ដំណំដូចគ្នា។

នាយកដ្ឋានពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មានបែបនេះ ក្រុមអ្នកជួយ​សង្រ្គោះចំនួន២១នាក់ បានបើករថយន្ដសង្រ្គោះបន្ទាន់ទៅកាន់កន្លែងកើតហេតុ ដើម្បីដឹក​អ្នក​រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ៕