ខេត្តស្វាយរៀង៖ បុរសសរសៃប្រសាទម្នាក់ បានដើរទៅរករឿងដល់ផ្ទះអ្នកជិតខាង ត្រូវគេកាប់ចំនួន៣កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះនាង សុខជា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ ពេលកន្លងមក ជនរងគ្រោះនេះតែងតែដើររករឿងអ្នកភូមិ ហើយធ្លាប់រកវាយជីដូននិងម្ដាយខ្លួនឯងផងដែរ។ ចំណែកជនសង្ស័យមានឈ្មោះជ័យ សុខពៅ អាយុ២៨ឆ្នាំ មុខរបរកសិកររស់នៅភូមិជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានចូលតាមរបងទៅរករឿងដល់ផ្ទះរបស់ជនសង្ស័យ រហូតសង្ស័យទ្រាំមិនបាន ក៏ទាញកាំបិតកាប់ទៅលើជនរងគ្រោះចំដៃខាងឆ្វេងពីរកាំបិត និងដៃស្តាំមួយកាំបិត រួចរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែជនរងគ្រោះដេកដួលនៅកន្លែងកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះអាយុជីវិត។ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុក បានស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕