ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ទ្រី ធី ឯកទេសវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ៖ ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ខួរក្បាល(Acute Subdural Haematoma)គឺជាការកកឈាមក្រោយពីការប៉ះទង្គិចរហូតដល់រយៈពេលមួយអាទិត្យ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់(subdural haematoma)។

លោកវេជ្ជបណ្ឌិត ទ្រី ធី បានលើកឡើងទៀតថា ៖ ជាទូទៅវាកើតឡើងបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរភាគច្រើន បើកបរក្នុងសភាពស្រវឹង មិនមានមួកការពារ បើកបរលើសល្បឿនកំណត់ ការធ្លាក់ពីលើទីខ្ពស់ និងការរអិលដួលបោកក្បាលជាងដើម។ល។ ជំងឺនេះ ទាមទារឲ្យអ្នកជំងឺចូលសម្រាកពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់ យកឈាមកកនៅក្នុងខួរក្បាលចេញ។ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារ បីរបៀប៖ – បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូងនិងសួត – បណ្ដាលមកពីការបែកសរសៃអាក់ទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល – ការខូចខាតដល់ជាលិកាខួរក្បាលដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល ។

ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយនិងបង្អាក់នូវលំហូររបស់សសៃឈាមខួរក្បាល ហើយជាលទ្ធផលវានឹងធ្វើអោយមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាលដែលជាអ្នកបញ្ជាវិញ្ញាណទាំងប្រាំរបស់យើង។ ក) ការប៉ះពាល់៖
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាចបណ្តាលឲ្យអ្នកជំងឺបាត់បងជីវិតបាន។ អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺ៖ – អាយុក្រោម 40ឆ្នាំមានហានិភ័យ 20% នៃការស្លាប់ – អាយុចាប់ពី 40 ឆ្នាំទៅ 80ឆ្នាំមានហានិភ័យ 65% នៃការស្លាប់ – ចាប់ពី 80ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ 88% ។ ការជាសះស្បើយពីជំងឺនេះត្រូវអាស្រ័យលើកត្តាជាច្រើនក្នុងនោះមានដូចជាដុំឈាមតូចឬធំ ការមកដល់មន្ទីរពេទ្យលឿនឬក៏យឺត។

ជួនកាលអ្នកជម្ងឺត្រូវញាំញីដោយស្នាកស្នាមរបួសដែលជាសំណល់របស់ជំងឺនេះទាំងផ្លូវកាយនិងផ្លូវចិត្តជារៀងរហូតក៏មានដែរ។ ខ) រោគសញ្ញា៖ រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH អាចកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា៖ – ការឈឺក្បាលខ្លាំង ឬតិច – ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក – ការវង្វេង – ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ – ទន់ត្របកភ្នែក ងងុយជាប់រហូត – ពិបាក និយាយ ឬនិយាយមិនចេញ – ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ – ទន់ ឫពិការមួយចំហៀងខ្លួន – ការបាត់បង់ស្មារតី ឬសន្លប់ ។ គ) ការព្យាបាល៖​ ការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។ រីឯដុំឈាមដែលមានទំហំចាប់ពី១០ មីលីម៉ែត្រ ឬធំជាងនេះ នឹងត្រូវធ្វើការវះកាត់យកចេញដោយក្រុមវេជ្ជបណ្ដិតជំនាញ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ ការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា(physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំលេង (speech therapists)ផងដែរ។ ចូរចាំថាអ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។

លោកវេជ្ជបណ្ឌិត ទ្រី ធី ឯកទេសវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតបានកើនរំលឹកថា ៖ “ ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាលហើយមានរោគសញ្ញារឬអាការៈដូចដែលបានរៀបរាប់ខាងលើសូមមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកជំងឺឈាមកកក្នុងខួរក្បាលឬស្រទាប់ខួរក្បាល និងធ្វើការព្យាបាលឲ្យបានទាន់ពេល ” ៕(សេង ផល្លា)