រដ្ឋធានីតៃប៉ិ៖ យន្ដហោះចម្បាំងរបស់កងទ័ពអាកាសកោះតៃវ៉ាន់ បានចេញប្រតិបត្ដិការ ហោះហើរ ហ្វឹក ហ្វឺន បង្កើនសមត្ថកិច្ចភាពរបស់ខ្លួន ប៉ុន្ដែយន្ដហោះចម្បាំងមួយគ្រឿង បានជួបនឹង​គ្រោះថ្នាក់ដ៏​អាក្រក់​មួយ ធ្លាក់ចូលទៅក្នុងសមុទ្រ នាភាគខាងកើត ដែនកោះតៃវ៉ាន់ បណ្ដាលឲ្យអាកាសយានិកម្នាក់ស្លាប់​ បើ​ទោះ​ជាគាត់ខំប្រឹងចុចឆត្រយោងក៏ដោយ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

បើតាមសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលាថា ការធ្លាក់យន្ដចម្បាំងរបស់កងទ័ពអាកាសតៃវ៉ាន់ បានបណ្ដាលឲ្យអាកាសយានិកម្នាក់ ឈ្មោះ ជូ ក្វាង (Chu Kuang) អាយុ២៩ឆ្នាំ ស្លាប់ ។ នៅក្នុងហេតុការណ៍នោះ អាកាសយានិកបានចុចឆត្រយោង លោតចេញពីយន្តហោះចម្បាំង F-5E ដែរ ប៉ុន្ដែគាត់នៅតែមិនអាចរក្សាជីវិតរបស់គាត់ ដោយសារតែយន្តហោះចម្បាំងនោះ ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់តៃវ៉ាន់ បានឲ្យដឹងថា យន្ដហោះចម្បាំងជួបនឹងគ្រោះថ្នាក់នោះ បានកើតឡើង ខណៈកំពុងហ្វឹកហ្វឺន។ កងទ័ពអាកាសកោះតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ បានបង្កើនសកម្មភាពហោះហើរហ្វឹកហ្វឺន និងល្បាតនៅលើដែនអាកាសរបស់ខ្លួន កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៩។ ការបង្កើនសកម្មភាពហ្វឹកហ្វឺរបស់កងទ័ពអាកាសកោះតៃវ៉ាន់ បានកើតឡើង ក្រោយពេលមានការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលចិន។ ដោយឡែក យន្តហោះចម្បាំង F-5E ដែលទើបធ្លាក់នោះ ជាប្រភេទយន្តហោះស៊េរីចាស់ ត្រូវបានអភិវឌ្ឍឡើងជាលើកដំបូង នាអំឡុងទសវត្សរ៍ ១៩៦០៕