រាជធានីបាងកក៖ ស្រីស្អាតម្នាក់បានប្រើល្បិចបោកលុយតាមអនឡាយ ជាង៥០លានបាត (លុយថៃ) ឬស្មើនឹងជាង ១,៦លានដុល្លារអាមេរិក ប៉ុន្ដែទង្វើអាក្រក់នេះ នាំទុក្ខដាក់ខ្លួនវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីដើមខែតុលា នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

បើតាមប៉ូលិសថៃ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ស្រីស្អាត (ជនសង័្សយ ឈ្មោះ Natcharee Phatrakiatwisarn អាយុ៣៣ឆ្នាំ ) ដែលរងការចោទប្រកាន់នេះ បានបង្កើតគេហទំព័រ និងគណនី នៅលើបណ្ដាសង្គមហ្វេសប៊ុកយ៉ាងច្រើនរាប់មិនអស់។ បន្ទាប់មក នាងបានប្រើល្បិចបោក ដោយលក់ខោអាវរបស់ស្រ្ដី តាមអនឡាញ មានតម្លៃ សរុប៥០លានបាត (លុយថៃ)។ លុះក្រោយមក អតិថិជនបានដឹងថា ពួកគេចាញ់ល្បិចស្រីស្អាត ទើបទៅដាក់ពាក្យបណ្ដឹង។

មន្រ្ដីប៉ូលិសដដែល បានបន្ដថា ក្រោយពេលមានពាក្យបណ្ដឹងពីអតិថិជនជាង៧០នាក់ ប៉ូលិសបានស៊ើបអង្កេ សកម្មភាព នៅតាមគេហទំព័រ «Butter Girl Shop »។ រីឯជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងនោះ បានប្រាប់ប៉ូលិសទីក្រុងបាងកកថា នាងបានបញ្ជាទិញសម្លៀកបំពាក់ ហើយបានបញ្ជូនលុយ ចំនួន៣ ៧៥២ ០០០បាត ឬស្មើនឹង ១២០ ៣៧២ដុល្លារអាមេរិក ទៅឲ្យម្ចាស់គេហទំព័រខាងលើ ដែលសន្យាថា នឹងបញ្ជូនទំនិញមកឲ្យនាង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។ លុះក្រោយមក ម្ចាស់គេហទំព័រនោះ បែរជាប្រាប់នាងថា សុំពន្យារពេល រហូតដល់ថ្ងសទី២៤ ខែកញ្ញា ដោយសារទំនិញមកពីប្រទេសចិន មិនទាន់មកដល់។

ប៉ូលិសថៃ បានបន្ដថា ក្រោយមក អតិថិជនទាំងអស់ បានដឹងពីល្បិចកំហូចរបស់ម្ចាស់គេហទំព័រ ហើយ​បានប្ដឹងមកប៉ូលិស។ ដោយឡែកជនសង័្សយក៏បានគេចខ្លួន ហើយលុបគណនីទាំង​អស់របស់​នាងចេញអស់ កាលពីថ្ងៃទី៣០ ខែកញ្ញា។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ប៉ូលិសបានស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីដើមខែតុលា ឆ្នាំ២០២០។

ក្រោយពេលឃាត់ខ្លួន ប៉ូលិសបាននាំជនសង័្សយទៅកាន់ស្ថានីយ៍ប៉ូលិស ដើម្បីចាត់ការ តាមច្បាប់៕