បរទេស៖ រថយន្ដដឹកទំនិញផ្ទុកប្រេងចំនួន៤ម៉ឺនលីត្រ បានបើកទៅបុកនឹងរថយន្ដដឹកទំនិញកង់១៨ រួចក៏បានផ្ទុះជាអណ្ដាតភ្លើង បង្ករទៅជាជាអគ្គីភ័យឆាបឆេះអាគារ និងរថយន្ដដែលនៅក្បែរនោះ ព្រមទាំងបង្ករបួសទៅមនុស្សជាច្រើននាក់ទៀត។ ហេតុការណ៌នេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា១២និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ស្ថិតនៅចំណុចផ្លូវបំបែកមួយនៅលើផ្លូវហាយវេ លេខ២៤ ក្នុងស្រុកណុងគី ខេត្តបុរីរ៉ាំ ប្រទេសថៃ។

របាយការណ៌របស់ប៉ូលីសបានឲ្យដឹងថា រថយន្ដធុនធំទាំង២ បានបុកគ្នាធ្វើឲ្យមានសម្លេងរញ្ជួយយ៉ាងខ្លាំង ប្រេងឥន្ធនៈដែលឆេះបានហូរចូលហាង និងផ្ទះប្រហែល១០កន្លែង នៅក្បែរនោះ ហើយបានដុតបំផ្លាញឡាន និងម៉ូតូប្រហែល២០ គ្រឿងដែលចតនៅតាមដងផ្លូវ។

នៅពេលភាពវឹកវរបានរីករាលដាលឡានពន្លត់អគ្គីភ័យជាង៥០គ្រឿង បានមកដល់កន្លែងកើតហេតុដើម្បីធ្វើការពន្លត់។ រថយន្តសង្គ្រោះបន្ទាន់ក៏បានដឹកមនុស្សរបួសជាច្រើនទៅមន្ទីរពេទ្យផងដែរ។ ផ្លូវត្រូវបានបិទដើម្បីធ្វើចរាចរក្នុងចម្ងាយ៥គីឡូម៉ែត្រ អ្នកពន្លត់អគ្គិភ័យបានចំណាយពេលជាង៤ម៉ោងដើម្បីគ្រប់គ្រងការផ្ទុះ។

ជាមួយគ្នានេះដែរ អ្នកបើកបររថយន្តដឹកទំនិញទាំង២ បានរត់គេចខ្លួនចេញពីយានយន្តរបស់ពួកគេមុនពេលផ្ទុះដំបូង ដោយពួកគេស្ថិតក្នុងចំណោមអ្នករងរបួសជាច្រើននាក់ ដែលត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយជីវិត។

ប៉ូលីសបានឲ្យដឹងថា តាមការប៉ាន់ស្មាននៅក្នុងជំហានដំបូងករណីគ្រោះថ្នាក់ចរាចរណ៌មួយនេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់៥០លានបាត ៕
ប្រភព៖ BangkokPost