ខេត្តកណ្តាល ៖ បុរស២នាក់ ជាអ្នកភូមិផងរបងជាប់គ្នា ក្រោយពីអង្គុយព័ទ្ធវង់ជល់កែវ ស្រាប់តែគងពាក្យសម្តីនឹងគ្នាយ៉ាងតឹងសរសៃក ។ ពេលនោះ ភាគីម្ខាងបានរត់ទៅយកកាំបិតចុងស្រួចមកចាក់ប្រហារគូជម្លោះ បណ្តាលឲ្យធ្លាយពោះ ត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះជីវិត។

ករណីអំពើហិង្សាចាក់ប្រហារគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ចំណុចភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ល។

ជនរងគ្រោះឈ្មោះ ហ៊ន នឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះ ហ៊ល ណាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានរបួសភ្នែកខាងស្ដាំ និង រលាត់ស្បែកក្បាល់ជង្គង់ខាងស្ដាំ (ឃាត់ខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានផឹកស្រាជាមួយគ្នា។ លុះស្រវឹងធ្លាក់ភ្នែក ស្រាប់តែកើតមានឈ្លោះទាក់ពាក្យសម្ដីគ្នាទៅវិញទៅមក ស្រាប់តែពេលនោះ ពេលនោះជនសង្ស័យ បានយកកាំបិតមុខស្រួចទៅចាក់ជនរងគ្រោះចំក្បាលពោះមួយកាំបិត ទើបជនរងគ្រោះ បានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមណ្ឌលសុខភាពឃុំ ដើម្បីព្យាបាលរបួស។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅចាប់ខ្លួនជនដៃដល់ នាំមកខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕