ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០២០ ពលរដ្ឋរស់នៅភូមិស្វាយសាបសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រមូលផ្ដុំគ្នានៅមុខសាលាឃុំជើងភ្នំ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយពាក់ព័ន្ធនឹងករណី លោកស្រី គ្រុន កូឡា ដែលប្រកបរបរបំផ្ទុះថ្មលើភ្នំឈើកាច់ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ រកតែដេកពួនមិនបាន។

យោងតាមសម្ដីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមហ៊ុន លោកស្រី គ្រុន កូឡា បានខួងរណ្តៅធំៗដាក់គីបរំសេវបំផ្ទុះធ្វើអោយរុំញ័ររង្គើដល់ផ្ទះសម្បែងដែលនៅជុំវិញនេះខ្លាំងណាស់គឺដល់ថ្នាក់មិនអាចរស់នៅបានឡើយ ។

ពលរដ្ឋបានបន្តទៀតថា ក្រុមហ៊ុន លោកស្រី គ្រុន កូឡា មានអាជ្ញាប័ណ្ណសិប្បកម្ម ដែលចេញដោយមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង តាមផ្លូវច្បាប់ដោយអោយធ្វើដោយដៃទាំងអស់ និងខួងរណ្តៅតូចៗដោយដៃ វាយថ្មដោយដៃ ពោលគឺ ត្រូវប្រើកម្លាំងមនុស្សទាំងអស់ ប៉ុន្តែពេលធ្វើជាក់ស្តែងបែរជាលោកស្រី គ្រុឌ កូឡា ប្រើគ្រឿងចក្រ និងខួងរណ្តៅធំៗ ហើយពេលបំផ្ទុះម្តងៗធ្វើអោយញ័ររង្គើដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះជាខ្លាំង ។

ប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់មិនហាមឃាត់ក្រុមហ៊ុនបំផ្ទុះយកថ្មភ្នំទេ តែហាមមិនអោយគេខួងបំផ្ទុះរណ្តៅធំៗ ពោលគឺសុំអោយខួងរណ្តៅតូចៗ ដូចដែលច្បាប់ខ្នាតសិប្បកម្មបានកំណត់ទើបមិនប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ។

បញ្ហានេះ លោកស្រី គ្រុឌ កូឡា អះអាងថា សកម្មភាពបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនលោកស្រី មិនទាន់បានប៉ះពាល់ដល់ផ្ទះសម្បែងអ្នកស្រុកណាម្នាក់ទេ ដោយការប្តឹងចោទនេះ គឺអ្នកស្រុកមានបំណងចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ ។

លោកស្រីបញ្ជាក់ថា លោកស្រីពិតជាបានខួងបំផ្ទុះរណ្តៅធំៗ និងធ្វើអោយរង្គើញ័រខ្លាំងមែន។ ប៉ុន្តែក្រុមហ៊ុនផ្សេងទៀតក៏ខួងបំផ្ទុះដូចគ្នាដែរ ចុះហេតុអ្វីអ្នកស្រុកមិនប្តឹង មកប្តឹងតែក្រុមហ៊ុនលោកស្រី ធ្វើនេះគឺអយុត្តិធម៌ណាស់ សម្រាប់លោកស្រី ។

ចំណែកខាងអាជ្ញាធរឃុំជើងភ្នំ វិញ បានបញ្ជាក់ថា ពាក្យស្នើសុំរបស់ពលរដ្ឋ អាជ្ញាធរឃុំ បានទទួលហើយ ប៉ុន្តែករណីនេះវាហួសពីសមត្ថកិច្ចរបស់អាជ្ញាធរឃុំ ដូច្នេះខាងឃុំនឹងបញ្ជូនរឿងនេះទៅអោយខាងស្រុកបាភ្នំ ជាអ្នកដោះស្រាយវិញ ៕