ខេត្តបន្ទាយមានជ័យ ៖ បុរសប្រមឹកម្នាក់ឱ្យតែពេលផឹកស្រាស្រវឹងម្តងៗតែងយកកាំបិតរកកាប់អ្នកជិតខាង ត្រូវកម្លាំងនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ។

បុរសប្រមឹករូបនោះ ឈ្មោះសៀង វាសនា ហៅតយ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជននេះឲ្យតែស្រវឹងស្រាម្តងៗ តែងតែយកកាំបិតគំរាមកំហែងអ្នកជិតខាង តែគ្មានអ្នកណាហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចជននេះមានគំនុំគំគួន ។

មុនបេលកើតហេតុ ជនបង្កផឹកស្រាស្រវឹង បានយកកាំបិតខ្វែវប្រវែង១,២០ម៉ែត្រ ទៅកាប់រថយន្តម៉ាកតូយ៉ូតាកាមរី០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2A.1091 ជារបស់ឈ្មោះអឿ សាវឿន ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលចតទុកចោល បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង។

បន្ទាប់មក ជននេះបានដេញកាប់ឈ្មោះជ័យ ជីម ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយទៀត តែ ជនរងគ្រោះរត់គេចខ្លួនផុត ក៏បានដេញកាប់ឈ្មោះអឿ សាវឿន ជាម្ចាស់រថយន្តបន្ថែមទៀត បណ្តាលឲ្យត្រូវរបួសស្រាលចំនួន០២កន្លែង ។

ក្រោយពេលកើតហេតុ ជនបង្កត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូនខទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕