បរទេស៖ យុវនិស្សិតចិត្តសាហាវព្រៃផ្សៃម្នាក់ បានយកកាំបិតអារកសម្លាប់មនុស្សក្នុងគ្រួសាររបស់ខ្លួនចោលអស់គ្មានសល់ ដោយគ្មានញញើតដៃ រួមមានឪពុកម្តាយ , ប្អូនស្រី និងជីដូនបង្កើត ព្រោះតែរឿងបន្តិចបន្តួចប៉ុណ្ណោះ ។

ឃាតករឈាមក្តៅ ដែលសម្លាប់សមាជិកក្រុមគ្រួសារឯងគ្នានសល់នេះ មានឈ្មោះ Evil Menhaz Zaman អាយុ២៤ឆ្នាំ មកពីទីក្រុង Markham ប្រទេសកាណាដា។ ចំណែក ជនរងគ្រោះ រួមមាន៖ អ្នកស្រី Momotoz Begum អាយុ៥០ឆ្នាំ ( ត្រូវជាម្ដាយ) ,លោក Moniruz Zaman អាយុ៥៩ឆ្នាំ (ត្រូវជាឪពុក) , នាង Malesa Zaman អាយុ២១ឆ្នាំ (ត្រូវជាប្អួនស្រី) និង អ្នកស្រី Firoza Begum អាយុ៧០ឆ្នាំ (ត្រូវជាលោកយាយ)។

ប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះខាងលើ ត្រូវឃាតករសម្លាប់ចោល កាលពីខែកក្កដា ឆ្នាំ២០១៩ ។ មូលហេតុដោយសារតែប៉ុន្មានឆ្នាំមុនក្រុមគ្រួសារ ជនដៃដល់ជាកូនប្រុស ទៅរៀននៅសាកលវិទ្យាល័យញូវយ៉ក ជំនាញវិស្វកម្មអេឡិចត្រូនិច ហើយជនដៃដល់ បានកុហកក្រុមគ្រួសារថា គាត់បញ្ចប់ការសិក្សា នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩។ តែតាមពិតជនដៃដល់មិនបានបោះបង់ការសិក្សា ព្រោះតែការសិក្សារបស់គាត់ទទួលបានពិន្ទុមិនល្អ ហើយជនដៃដល់គិតតែពីដើរលេង ដើរផ្សារ ទៅកន្លែងហាត់ប្រាណ និងលេងហ្គេមជាដើម។

ជនសង្ស័យ បានឆ្លើយសារភាពប្រាប់ប៉ូលិស កាលពីខែមុនថា រូបគេពិតជាបានសម្លាប់ ឪពុកម្ដាយ យាយនិងប្អូនស្រីរបស់គាត់មែន ដោយសម្លាប់ម្ដាយមុនគេ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែកក្កដា ហើយ១ម៉ោងក្រោយសម្លាប់ជីដូន ដោយប្រើកាំបិតអារក លុះពេលឪពុកនិងប្អូនស្រីត្រឡប់មកពីធ្វើការវិញ ក៏សម្លាប់ចោលជាបន្តបន្ទាប់តែម្តង។

មេធាវី Kevin Stewart បានបញ្ជាក់កាលពីថ្ងៃចន្ទថា យោងតាមការធ្វើកោសល្យវិច័យរបស់ប៉ូលិស ជនរងគ្រោះទាំងអស់ត្រូវបានវាយដំក្បាលយ៉ាងដំណំ មុននឹងឈានអារក សម្លាប់តាមក្រោយ។

ពេលនេះ ជនដៃដល់ Zaman ត្រូវប៉ូលិសចាប់ឃុំខ្លួនក្នុងមជ្ឈមណ្ឌលកែប្រែមជ្ឈឹមបូព៌ានៅ Lindsay ដើម្បីត្រៀមខ្លួនចូលក្នុងសវនាការ កាត់ទោស ដែលប្រឈមជាប់ពន្ធនាគារអស់មួយជីវិត៕