រដ្ឋធានីម៉ានីល៖ ប៉ូលិសហ្វីលីពីនមួយក្រុម បានឆ្មក់ចុះបង្រ្កាបល្បែងបញ្ជល់មាន់ ស្រាប់តែ​មាន់ជល់មួយក្បាល បានហក់ច្រាស ខ្នាយមកលើមេប៉ូលិសម្នាក់ បណ្ដាលឲ្យដាច់​សរសៃ​ឈាម ស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ហេតុការណ៍ដ៏កម្រ ហើយនឹកស្មានមិន​ដល់​នេះ បានកើតឡើង កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅភាគខាងជើង ខេត្តសាម៉ា ប្រទេសហ្វីលីពីន។

លោកវរសេនីយ៍ឯក Arnel Apud ស្នងការនគរបាលខេត្តសាម៉ា បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ Christian Bolok មានឋានន្ដរស័ក្ដិ ជាអនុសេនីយ៍ឯក។ គាត់បានរងរបួស នៅលើភ្លៅខាងឆ្វេង ដោយសារមាន់ជល់តខ្នាយដែក ចាក់មួយខ្នាយ បណ្ដាលឲ្យដាច់សរសៃឈាម ស្លាប់ភ្លាមៗមួយរំពេច។

លោកស្នងការនគរបាល បានបន្ដថា មុនពេលកើតមានឧបទ្ទវហេតុបែបនេះកើតឡើង ជនរង​គ្រោះ ជាប៉ូលិស និងក្រុមការងាររបស់គាត់ បានចុះទៅបង្រ្កាបល្បែងស៊ីសង (បញ្ជល់មាន់) នៅចំណុចខាងលើ។ បន្ទាប់មក គាត់បានប្រមូលបាន់ជល់មកទុក ជាភស្តុតាង ប៉ុន្ដែនៅពេល​គាត់ទៅជិត បែរជាចៃដន្យអ្វី មាន់ជល់ខ្នាយដែកនោះ បានហក់ច្រាស់គាត់ ចំនួន១ខ្នាយ បណ្ដាលឲ្យខ្នាយដែកនោះមុតជើងខាងឆ្វេង ដាច់សរសៃឈាមស្លាប់មួយរំពេច។

លោកវរសេនីយ៍ឯក Arnel Apud បានបន្ថែមថា នេះជាឧបទ្ទវហេតុ និងក៏ជាអកុសល​ផង​ដែរ ហើយលោកក៏មិនអាចពន្យល់ករណីនេះបានដែរ។ សូម្បីតែរូបលោកផ្ទាល់ មុនដំបូង នៅពេលឮដំណឹងបែបនេះ ក៏លោកមិនទាំងជើងផង។ ប៉ុន្ដែនៅពេល លោកចុះទៅពិនិត្យ ឃើញថា មន្រ្ដីប៉ូលិសខាងលើ ពិតជាស្លាប់ ដោយសារករណីមាន់ជល់ច្រាសប្រាកដមេន។ នេះក៏ជាលើកទីមួយ ក្នុងរយៈពេល២៥ឆ្នាំ ដែលលោកធ្វើជាមន្ត្រីប៉ូលិស បានឃើញ​ហេតុការណ៍​បែបនេះ។ ពីមុនមក លោកមិនដែលមានជួបរឿងរ៉ាវបែបនេះ៕