ភ្នំពេញ៖ យុវជនម្នាក់ធ្វើជាចូលទៅក្នុងហាងទូរស័ព្ទដៃមួយកន្លែង ប្រើល្បិចលួចទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone11 រួចឡើងជិះម៉ូតូដើម្បីគេចខ្លួន តែត្រូវម្ចាស់ហាង និងអ្នកភូមិ ដេញតាមចាប់បានវាយឡើងទ្រមខ្លួន បែរប្រាប់ថាដោយសារឪពុកឈឺ ទើបដាច់ចិត្តមកលួចទូរស័ព្ទនេះ ដើម្បីធ្វើឱ្យគេអាណិt។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៩៣ នៅហាងលក់ទូរស័ព្ទដៃយីហោ «ឬទ្ធីមង្គល» ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះ ធី ធឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅស្រុកបវេល ខេត្តបាត់ដំបង ។ចំណែកជនរងគ្រោះឈ្មោះ សយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរបើកហាងលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះកើតហេតុ ។

ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែចុចទូរស័ព្ទដៃសុខៗ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1F8700 ចូលមកហាងលក់ទូរស័ព្ទដៃគាត់ រួចហើយធ្វើជាតថ្លៃទូរស័ព្ទដៃម៉ាក iPhone 11ពណ៌ក្រហម ដែលលក់ក្នុងតំលៃជាង៦០០ដុល្លារ។

ជនរងគ្រោះបន្តថា លុះពេលតថ្លៃត្រូវរ៉ូវគ្នាហើយ គាត់ក៏ចូលក្នុងបន្តិច ស្រាប់តែជនសង្ស័យបានយកទូរស័ព្ទដៃនោះ ឡើងជិះម៉ូតូគេចខ្លួន ប៉ុន្តែគាត់ដឹងទាន់ ក៏រត់ដេញតាម និងស្រែកថា «ចោរៗ» ទើបបានប្រជាពលរដ្ឋនាំគ្នាចាប់បាន រយចនាំគ្នាស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង បណ្តាលឱ្យទ្រមខ្លួន ទើបទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១ ឱ្យចុះមកនាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ។

ជនសង្ស័យបានឆ្លើយដោះសារថា មូលហេតុដែលខ្លួនដាច់ចិត្តលួចយកទូរស័ព្ទដៃនេះ គឺមកពីអត់លុយមើលឪពុកឈឺ ទើបគិតខ្លីបែបនេះ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕