រាជធានីបាងកក៖ បុរសម្នាក់ ក្រោយពេលប្រពន្ធចុះចោលមក ធ្វើឲ្យគេមានអារម្មណ៍ឯកោ រស់​នៅយ៉ាងកណ្ដោចកណ្ដែង មិនអាចគ្រប់គ្រងចិត្ដបាន ទុកឲ្យរវើរវាយ បែកគំនិតអាក្រក់ ដើរលួចតែខោក្នុង និងអាវវ៉ែនតារបស់ស្ដ្រីយកមកទុកមើល និងហិត ហើយត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន នៅក្នុងស្រុក Pak Thor ខេត្ត Ratchaburi ។

មន្រ្ដីប៉ូលិស Thung Luang បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Chaiphat អាយុ៤៦ឆ្នាំ រស់នៅក្នុងខេត្ត Ratchaburi ប្រទេសថៃ។ ក្នុងការឃាត់ខ្លួនជនសង័្សយខាងលើនេះ ប៉ូលិសដកហូតបានខោទ្រនាប់របស់ស្រ្ដីជាង៧០ អាវវ៉ែនតា (អាវទ្រនាប់ក្នុងរបស់ស្រ្ដី) ចំនួន៣ និងខោខ្លីចំនួន២។ ក្រៅពីនេះ ប៉ូលិសបានឆែកឆេរ នៅក្នុងផ្ទះរបស់ជនសង័្សយ រកឃើញមានថ្នាំញៀនមួយចំនួនទៀត រួមមាន មេតំហ្វេតាមីន និងអំហ្វេតាមីន។

មន្រ្ដីប៉ូលិសដដែល បានបញ្ជាក់ថា មុនពេលមានការឃាត់ខ្លួនជនសង័្សយនោះ មានស្រ្ដី២​នាក់​បានមកដាក់ពាក្យបណ្ដឹង នៅក្នុងស្ថានីយ៍ប៉ូលិស Thung Luang ដោយរៀបរាប់ថា មានករណី ចោរលួចខោទ្រាប់របស់ស្រីៗ និងអាវវ៉ែនតា នៅក្នុងផ្ទះរបស់ពួកនាង។ ជាមួយគ្នានេះ ពួកនាងមានការសង័្សយ​យ៉ាងខ្លាំង​ទៅលើ​បុរស​ខាងលើនេះផងដែរ។

មន្រ្ដីប៉ូលិសដដែល បានបន្ថែមថា ក្រោយពេលមានពាក្យបណ្ដឹងបែបនេះ ប៉ូលិស​ក៏បាន​ស៊ើបអង្កេត។ លុះក្រោយមក ប៉ូលិសបានស្រាវជ្រាវ ដឹងថា ជនសង័្សយ​រកស៊ីទិញ​របស់​របរប្រើប្រាស់ជជុះ ពីប្រជាពលរដ្ឋ ក្នុងតំបន់ ហើយយករបស់របរទាំងនោះទៅលក់បន្ដ។ បន្ទាប់មក គេបានបែកគំនិត ដើរលួចតែខោទ្រាប់ និងអាវទ្រនាប់របស់ស្រ្ដី។

ប៉ូលិស បានបន្ថែមថា ក្រោយពេលចាប់ខ្លួន ជនសង័្សយបានសារភាពថា បន្ទាប់ពីប្រពន្ធរបស់​គេបានចុះចោល អស់រយៈពេលជាង១០ឆ្នាំមក ធ្វើឲ្យគេមានអារម្មណ៍ រស់នៅយ៉ាងកណ្ដោច​កណ្ដែង និងឯកោ គ្មានភាពកក់ក្ដៅ នៅក្នុងចិត្ត។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យ​អារម្មណ៍​របស់គេបែកឆ្វេង ហើយចេះតែដើរលួចខោ និងអាវទ្រាប់របស់ស្ដ្រី យកមកទុកមើល។ បើគិត​មកដល់ថ្ងៃចាប់ខ្លួននេះ រូបគេបានដើរលួចខោក្នុង និងអាវទ្រនាប់របស់ស្រ្ដី ដែលហាលចោល យ៉ាងតិច ចំនួន២០ដង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានឃុំខ្លួនជនសង័្សយ នៅក្នុងស្ថានីយ៍ប៉ូលិស Thung Luang ក្រោមការចោទប្រកាន់ពីបទ «លួច និងប្រើប្រាស់គ្រឿងញៀន» ហើយប៉ូលិស នឹងកសាងសំណុំរឿង បញ្ជូនជននេះទៅតុលាការ ចោទប្រកាន់តាមផ្លូវច្បាប់៕