រដ្ឋធានីអាតែន៖ នាវាកងទ័ពក្រិកមួយគ្រឿង បានជួបនឹងឧបទ្ទវហេតុដ៏អាក្រក់ ត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង មានដោតទង់ជាតិប្រទេសអេស្ប៉ាញ បើកបុក បណ្ដាលឲ្យដាច់ខ្លួនជា២កំណាត់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅជិតកំពង់ផែ Piraeus ប្រទេសក្រិក។
មន្រ្ដីកងទ័ពជើងទឹកក្រិក បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចនេះ បានកើតឡើង កាលពី វេលា​ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា នៅតំបន់សមុទ្រ Saronic ជិតកំពង់ផែ Piraeus។ នាវាដែលជួបនឹងឧបទ្ទវហេតុខាងលើនេះ រួមមាន នាវាដឹកទំនិញ ឈ្មោះ Launcheston មានដោតទង់ជាតិអេស្ប៉ាញ និងនាវាដោះ​មីន​របស់​​កងទ័ពជើង​ទឹកប្រទេស​ក្រិក ឈ្មោះ HS Kallisto ។

កងទ័ពជើងទឹកប្រទេសក្រិក បានបញ្ជាក់ថា បើតាមការពិនិត្យមើល នាវាដឹកទំនិញ Launcheston បានបុកនាវាដោះមីនរបស់កងទ័ពជើងទឹកក្រិក ខណៈកំពុង​ចាក​ចេញ​ពីកំពង់ផែ Piraeus ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាល​ឲ្យនាវា​របស់​កងទ័ព​ជើង​ទឹកក្រិក ដាច់ជា២កំណាត់។ ដោយឡែក នាវិកចំនួន២៧នាក់ នៅលើនាវា HS Kallisto សំណាងល្អ បានគេចផុតពីគ្រោះថ្នាក់ ដោយគ្រាន់តែ​មានមនុស្ស២នាក់​រងរបួស​ស្រាលតែ​ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កងទ័ពជើងទឹកក្រិកបានបញ្ជូនកប៉ាល់ផ្សេង មកអូស​នាវារងគ្រោះ​នោះ ទៅកាន់កំពង់ផែវិញ។ ទោះជាយ៉ាងណា ករណីនេះ មន្រ្ដីជំនាញក្រិក កំពុងតែ​ស៊ើប​អង្កេត អំពីឧបទ្ទវហេតុ ដែលនាំឲ្យគ្រោះថ្នាក់បែបនេះកើតឡើង៕