រាជធានីបាងកក៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ដធ្វើបាតុកម្ម​យ៉ាង​រ​​ញ្ជួយទីក្រុងបាងកក នាំយកញត្ដិរបស់ពួកគេ ទៅដាក់ជូនស្ថានទូត​អាល្លឺម៉ង់ ហើយមន្រ្ដីទូត នៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ​៤របស់​ពិភពលោក និងមហាអំណាចសេដ្ឋកិច្ចលេខ១ របស់អឺរ៉ុបមួយនេះ បាន​ចេញ​មកទទួលញត្ដិនោះ សម្រាប់ជូនទៅរដ្ឋាភិបាលសហព័ន្ធន៍អាល្លឺម៉ង់ ដោះស្រាយ។

ថ្វីត្បិតតែប៉ូលិស បានព្រមានថា ការធ្វើបាតុកម្ម ទាំងក្រុមគាំទ្រ​របបរាជា​និយម និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដង្ហែក្បួនទៅកាន់​ស្ថានទូត​អាល្លឺម៉ង់ ជាសកម្មភាពខុសច្បាប់ក្ដី ប៉ុន្ដែក្រុមបាតុកររាប់ម៉ឺននាក់ កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បាននាំគ្នាទៅ​កាន់ស្ថាន​ទូត​អាល្លឺម៉ង់ ប្រចាំនៅទីក្រុងបាងកក សុំឲ្យជួយដោះស្រាយបញ្ហា​របស់​ពួកគេ។ ការដាក់ញត្ដិ នៅស្ថានទូតអាល្លឺម៉ង់នោះ ក្រុមបាតុករចង់ឲ្យ​ប្រទេស​​មហាអំណាចសេដ្ឋកិច្ចលេខ១របស់អឺរុបមួយនេះ ស៊ើបអង្កេត​លើករណីព្រះមហាក្សត្ររបស់ខ្លួន សោយរាជសម្បត្ដិ នៅប្រទេសថៃ តែបែរជាទ្រង់ទៅគង់ប្រថាប់ នៅតែក្នុងប្រទេសអាល្លឺម៉ង់វិញ។

ជាមួយគ្នានេះ ក្រុមបាតុករ បានស្រែកថា អ្វីដែលពលរដ្ឋថៃចង់បាន រួមមាន ទី១-ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ចុះចេញពីតំណែង, ទី២-ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលរៀបចំដោយក្រុមយោធា និងទី៣-ធ្វើកំណែទម្រង់របបរាជានិយម (ដកសិទ្ធិអំណាចពីព្រះមហាក្សត្រ) នៅក្នុងប្រទេសថៃ។ ក្រុមបាតុករនាំគ្នាទៅកាន់ស្ថានទូតអាល្លឺម៉ង់នេះ ដើម្បីសួរ អំពីមូលហេតុដ៏ចម្បងរបស់ព្រះមហាក្សត្រថៃ ចំណាយពេលដ៏ច្រើនរបស់ទ្រង់ គង់នៅតែក្នុងប្រទេសអាល្លឺម៉ង់។ បញ្ហានេះ ប្រទេសអាល្លឺម៉ង់ ត្រូវតែពិនិត្យមើលឡើងវិញ ប្រសិនបើព្រះមហាក្សត្រថៃ រំលោភលើអធិបតេយ្យភាពរបស់អាល្លឺម៉ង់ អំពីការអនុវត្ដអំណាចរបស់ទ្រង់ នៅក្នុងប្រទេសអឺរ៉ុប (អាល្លឺម៉ង់)មួយនេះ។

ស្ថានទូតអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹងការតវ៉ា នៅថ្ងៃទី២៥ ខែតុលា ថា «ស្ថានទូតសាធារណរដ្ឋសហព័ន្ធន៍អាល្លឺម៉ង់ ទទួលស្គាល់សិទ្ធិ នៃការជួបប្រជុំ ដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រថៃ រួមទាំងនៅជិតស្ថានទូត»ផងដែរ។ ទន្ទឹមនឹងនេះ ស្ថានទូតអាល្លឺម៉ង់ បានលើកឡើងជាថ្មី អំពីការទទួលខុសត្រូវរបស់ក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ ក្រោមមាត្រាទី២២ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត និងលើកកម្ពស់ ចំពោះកម្រិត នៃកិច្ចការពារសមាមាត្រ សម្រាប់ព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើ។ ដូចករណីមុនៗ ស្ថានទូតបានត្រៀមទទួលយកសារ ផ្ញើទៅជូនរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ តាមរយៈមធ្យោបាយសន្តិភាព” ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ ដោះស្រាយ​យ៉ាង​ណា សម្រាប់ញត្ដិរបស់ក្រុមបាតុករថៃ ជុំវិញព្រះមហាក្សត្រថៃ គង់នៅ​ប្រទេសអាល្លឹម៉ង់នោះឡើយ៕